កម្ពុជា ប្តេជ្ញាប្រមូលផ្តុំអត្តពលិកជម្រើសជាតិឱ្យបានល្អត្រៀមស៊ីហ្គេមឆ្នាំនេះ

នូ មករា January 29, 2019


ភ្នំពេញ៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នឹងធ្វើនៅប្រទេសហ្វីលីពីននាចុងឆ្នាំ២០១៩នេះ ខណៈដែលកម្ពុជាបានចាត់ទុកថា ជាឆ្នាំយុទ្ធសាស្រ្តក្នុងការត្រៀមខ្លួនដើម្បីចូលរួមប្រកួតកីឡាថ្នាក់តំបន់ដែលធ្វើរៀងរាល់ឆ្នាំសេសនេះ។ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានប្រាប់ឲ្យដឹងថា ពេលនេះក្រសួងអប់រំយុវជន និងកីឡាកំពុងតែពិនិត្យមើលពីការប្រមូលផ្ដុំឲ្យបានលឿនដើម្បីពន្លឿនទៅលើការហ្វឹកហាត់របស់អត្តពលិក។ លោកបានបញ្ជាក់ឲ្យដឹងទៀតថាមកទល់ពេលនេះមិនទាន់មានការកំណត់ពីចំនួនប្រភេទកីឡាសម្រាប់ប្រមូលផ្ដុំនៅឡើយទេ ប៉ុន្តែឆ្នាំស៊ីហ្គេមបែបនេះការប្រមូលផ្ដុំនឹងធ្វើទៅលើប្រភេទកីឡាដែលត្រូវចេញទៅចូលរួមកីឡា ជាពិសេសប្រភេទកីឡាដែលមានសក្ដានុពលតែម្ដង។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាមានប្រសាសន៍ដែរថា ការប្រមូលផ្ដុំក្រសួងអប់រំយុវជន និងកីឡានឹងពិនិត្យទៅលើគុណភាពអត្តពលិក ក៏ដូចជាគុណភាពគ្រូបង្វឹក។ ជាមួយគ្នានោះសីលធម៌ និងវិន័យក៏ត្រូវតែពង្រឹងដែរ។ ចំពោះជំរុំប្រមូលផ្ដុំគឺសម្រាប់កីឡាករ-កីឡាការិនី និងគ្រូបង្វឹកដែលមានពេលវាលាគ្រប់ដើម្បីហ្វឹកហាត់ និងបង្ហាត់ដោយមិនទទួលយកអ្នកដែលគ្មានពេលសម្រាប់ហ្វឹកហាត់ និងបង្ហាត់នោះឡើយ ព្រោះក្នុងមួយឆ្នាំៗរដ្ឋបានចំណាយថវិកាអស់ជាច្រើនសម្រាប់កីឡាជម្រើសជាតិហេតុនេះអ្វីៗត្រូវតែធ្វើដោយតម្លាភាព។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ដែរថា ចំនួនប្រភេទកីឡាដែលត្រូវបញ្ជូនទៅចូលរួមកីឡាស៊ីហ្គេមនៅមិនទាន់បានកំណត់នៅឡើយទេ។ យ៉ាងណាក៏ដោយ សម្រាប់កីឡាស៊ីហ្គេមគឺរយៈពេល៦ខែមុនការប្រកួតមកដល់ទើបគេកំណត់ឲ្យប្រទេសនីមួយៗកំណត់ពីចំនួន និងប្រភេទកីឡាដែលខ្លួនត្រូវបញ្ជូនទៅចូលរួមប្រកួត បន្ទាប់មកទើបកំណត់ពីឈ្មោះអត្តពលិកដែលនោះជាការកំណត់ចុងក្រោយ។

លោកបានបន្តថា ឆ្នាំ២០១៩ និងឆ្នាំ២០២១ គឺជាឆ្នាំយុទ្ធសាស្រ្តហេតុនេះកម្ពុជាត្រូវតែបញ្ជូនកីឡាទៅចូលរួមប្រកួតឲ្យបានច្រើន ដោយសារតែឆ្នាំ២០២៣ គឺជាឆ្នាំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដូច្នេះការប្រកួតលើកទី៣០ និងលើកទី៣១ គឺជាការប្រកួតមួយដែលកម្ពុជាត្រូវតែពង្រឹងខ្លួនឯងដើម្បីឲ្យដឹងថាតើកម្ពុជាពេលនេះកំពុងតែឈរនៅទីតាំងណា?
អត្ថបទ៖ វ៉ាន្នី

មតិយោបល់