SEA Games លើកទី៣០ ឆ្នាំនេះនឹងមានកីឡាចំនួន ៥៦ប្រភេទ និង ៥២៣វិញ្ញាសា

នូ មករា January 28, 2019


 

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ដែលនឹងធ្វើនៅប្រទេសហ្វីលីពីននាចុងឆ្នាំ២០១៩ នេះនឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ។ ចំពោះបាវចនាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នេះគឺ “យើងឈ្នះជាមួយគ្នា”។ នេះគឺជាលើកទី៤ហើយដែលប្រទេសហ្វីលីពីនទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍នេះ ពោលគឺហ្វីលីពីនបានធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងនៅឆ្នាំ១៩៨១, លើកទី២ ឆ្នាំ១៩៩១, លើកទី៣ ឆ្នាំ២០០៥ និងលើកទី៤ឆ្នាំ២០១៩នេះ។

សម្រាប់ការរាប់ថយក្រោយ (Countdown) បានចាប់ផ្ដើមតាំងពីថ្ងៃទី៣០ ខែវិច្ឆិកាមកម្ល៉េះដែលមកទល់ពេលនេះមានរយៈពេលជិត២ខែហើយ។ ចំពោះរូប Mascot សម្រាប់ការប្រកួតលើកនេះក៏បានឯកភាពគ្នាអស់ហើយដែរ។ សូមបញ្ជាក់ថា ការសម្រេចចិត្តចុងក្រោយកាលពីចុងឆ្នាំ២០១៨ គឺមានកីឡាចំនួន ៥៦ប្រភេទដែលមាន ៥២៣វិញ្ញាសាត្រូវបានដាក់ឲ្យប្រកួត ខណៈដែលកីឡាអេឡិចត្រូនិក (Electronic Sports) ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីប្រកួតកីឡាថ្នាក់តំបន់នេះជាលើកដំបូង ខណៈដែលប្រទេសម្ចាស់ផ្ទះមួយនេះបន្ថែមកីឡាប្រយុទ្ធប្រពៃណីរបស់ខ្លួនគឺកីឡាអារនីស (Arnis) ទៅក្នុងកម្មវិធីប្រកួតដែរនោះ។

ជាមួយគ្នានេះ អត្តពលិកពី ១១ប្រទេសដែលនឹងចូលរួមនោះត្រូវបានគេប៉ាន់ប្រមាណមើលថាអាចមានចំនួន ៩.៨៤០នាក់ ប៉ុន្តែចំនួននេះអាចនឹងប្រែប្រួល។ តាមការគ្រោងទុកពិធីបើកការប្រកួតនឹងធ្វើនៅពហុកីឡដ្ឋាន Bocaue ក្រោមអធិបតីប្រធានាធិបតីហ្វីលីពីនផ្ទាល់។ ចំពោះពិធីបិទវិញនឹងធ្វើនៅពហុកីឡដ្ឋាន Athletcs ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមកបានក្លាយជាព្រឹត្តិការណ៍មួយដែលប្រទេសជាម្ចាស់ផ្ទះតែងតែរៀបចំដើម្បីប្រមូលមេដាយជានិច្ច ខណៈដែលសម្រាប់កម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣នោះ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្រេចចិត្តហើយថានឹងធ្វើដោយតម្លាភាព។

ទន្ទឹមនឹងនេះ ប្រសិនបើការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ឆ្នាំ២០១៩ និងលើកទី៣១ ឆ្នាំ២០២១ ឥរិយាបថនៃការប្រជែងយកមេដាយមិនផ្លាស់ប្ដូរទេ នោះកម្ពុជានឹងធ្វើជាគម្រូគេក្នុងការប្រជែងដណ្ដើមមេដាយដោយយុត្តិធម៌សម្រាប់កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ ពោលគឺមិនមែនជាព្រឹត្តិការណ៍ប្រមូលមេដាយសម្រាប់តែម្ចាស់ផ្ទះខ្លួនឯងនោះទេ។

លោក ថោង ខុន បានបញ្ជាក់ហើយថា ឆ្នាំ២០២៣ ប្រទេសណាមានសមត្ថភាពប្រទេសនោះនឹងរកបានមេដាយច្រើនជាងគេដោយកម្ពុជានឹងមិនទទួលយកវប្បធម៌ចែកមេដាយនោះឡើយ។ សម្រាប់ស៊ីហ្គេមលើកទី៣០នេះដែរ បើតាមការអះអាងពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ជាក់ថា នឹងបញ្ជូនកីឡាទៅចូលរួមប្រកួតឲ្យបានច្រើនជាងមុនព្រោះនេះជាឆ្នាំយុទ្ធសាស្រ្ត ចំណែកនៅឆ្នាំ២០២១ ស៊ីហ្គេមលើកទី៣១នៅវៀតណាមកម្ពុជាក៏នឹងបញ្ជូនទៅចូលរួមប្រកួតច្រើនដែរ។ យ៉ាងណាក៏ដោយ មកទល់ពេលនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយក្រសួងអប់រំយុវជន និងកីឡានៅមិនទាន់កំណត់ទេថានឹងបញ្ជូនទៅចូលរួមប៉ុន្មានប្រភេទហើប្រភេទកីឡាណាខ្លះនោះនៅឡើយ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់