ក្លឹបភ្នំពេញក្រោនយកចិត្តទុកដាក់លើការផ្សារភ្ជាប់កីឡា និងសហគមន៍

លី រិទ្ធី February 16, 2016


នៅក្នុងដំណើរកម្សាន្តរយៈពេល៣ថ្ងៃរបស់ខ្លួន ដែលទើបតែបានបញ្ចប់កាលពីម្សិលមិញនេះ ថ្នាក់ដឹកនាំ ក៏ដូចជាកីឡាកររបស់ក្លឹបភ្នំពេញក្រោនបាននាំយកនូវបទពិសោធន៍ ភាពរីករាយ និងទឹកចិត្តសប្បុរសធម៌ដល់ប្រជាពលរដ្ឋព្រមទាំងសិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងវិទ្យាល័យកោះស្តេចស្ថិតនៅលើកោះស្តេចនាទឹកដីនៃខេត្តកោះកុង។ កម្មវិធីដែលមានការចូលរួមពីសំណាក់កីឡាករ អ្នកគាំទ្រក្លឹប និងអ្នកសារព័ត៌មានក្រោមការដឹកនាំរបស់លោក ឬទ្ធី សំណាង ដែលជាប្រធានក្លឹបជើងឯក៦សម័យកាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង។ ក្នុងឱកាសនោះដែរ លោកប្រធានក្លឹបបានលើកឡើងនូវភាពរីកចម្រើននៃវិស័យបាល់ទាត់នៅកម្ពុជាក៏ព្រមទាំងការវិវត្តន៍នៃជោគជ័យថ្មីៗជាច្រើនដូចជាជ័យជម្នះរបស់ក្រុម Cambodia All Star លើក្រុមកំពូលរបស់ថៃ Buriram ដែលជាក្រុមជើងខ្លាំងមួយនៅក្នុងទ្វីបអាស៊ីផងដែរនោះ។ ជាមួយគ្នានេះ លោកក៏បានធ្វើការលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សឲ្យខិតខំព្យាយាមក្នុងការហ្វឹកហាត់បាល់ទាត់នេះដើម្បីអាចមានឱកាសក្នុងការបញ្ចេញសមត្ថភាពទាំងកម្រិតជាតិ និងកម្រិតអន្តរជាតិ ខណៈដែលក្លឹបភ្នំពេញក្រោនគឺជាក្លឹបបាល់ទាត់អាជីពមួយដែលបានបើកឲ្យមានការបណ្តុះបណ្តាលថ្នាលយុវជនមុនគេបង្អស់នៅក្នុងប្រទេសកម្ពុជាហើយពួកគេទាំងអស់នោះក៏ធ្លាប់បានរួមចំណែកក្នុងការដណ្តើមជ័យជម្នះជាច្រើនជូនជាតិមាតុភូមិនាពេលកន្លងមក។ បន្ទាប់ពីការសំណេះសំណាលបានបញ្ចប់ ក្រុមកីឡាករទាំងអស់បានចូលរួមលេងបាល់ទាត់និងល្បែងកម្សាន្តជាច្រើនផ្សេងទៀតជាមួយនឹងសិស្សានុសិស្សប្រមាណជាជាង២០០នាក់ដែលត្រូវបានបែងចែកជាក្រុមតូចៗលាយចម្រុះគ្នាប្រកបដោយភាពសប្បាយរីករាយ។ សូមបញ្ជាក់ថា វិទ្យាល័យកោះស្តេចគឺជាវិទ្យាល័យមួយដែលត្រូវបានកសាងឡើងដោយឯកឧត្តម អ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា និងលោកជំទាវ និងជាសាលាលេចធ្លោមួយនៅក្នុងខេត្តខណៈដែលវិទ្យាល័យនេះធ្លាប់បានទទួលចំណាត់ថ្នាក់លេខ២ផ្នែកកីឡាបាល់ទាត់នៅក្នុងខេត្តកោះកុងថែមទៀតផង។ នៅក្នុងព្រឹត្តិការណ៍នោះដែរលោកប្រធានក្លឹបក៏បាននាំយកនូវអំណោយសប្បុរសធម៌រួមមានកុំព្យូទ័រ និងបាល់មួយចំនួនទៀតសម្រាប់ប្អូនហ្វឹកហាត់ផងដែរ។ មុននឹងធ្វើដំណើរត្រលប់មកកាន់រាជធានីភ្នំពេញវិញគណៈប្រតិភូរបស់ក្លឹបក៏បានចូលរួមថតរូបជាអនុស្សាវរីយ៍ជាមួយសិស្សានុសិស្សនិងបានបន្តដំណើរទស្សនាទេសភាពនៅលើកោះស្តេចព្រមទាំងបានទទួលទានអាហារពេលថ្ងៃត្រង់រួមគ្នាប្រកបដោយស្នាមញញឹមនិងក្តីសប្បាយរីករាយ៕

01

05

04

03

02

10

09

08

07

06

12

11

អត្ថបទ៖ មករា

រូបភាព៖ Camsports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត