កម្ពុជា ចាប់ដៃជាមួយភាគីជប៉ុន ដើម្បីជំរុញការបង្កើតសាកលវិទ្យល័យកីឡាជាលើកដំបូងនៅកម្ពុជា!

នូ មករា January 14, 2019


ភ្នំពេញ៖ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡានៃប្រទេសកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាមួយជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តកីឡា NIPPON នៅប្រទេសជប៉ុននារសៀលថ្ងៃទី១២ ខែមករា ខណៈដែលពិធីនេះធ្វើឡើងក្រោមការចូលរួមធ្វើជាសាក្សីនៃ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ លោក Matsumoto Izumi លេខាទី២នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក Nishiyama Naoki ប្រធានអង្គការបេះដូងមាសប្រចាំនៅកម្ពុជា។ ចំណែកខាងភាគីកម្ពុជា លោក ធម្ម អង្គារ៉ា នាយកវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានិង លោក Koji Gushiken ដែលជាតំណាងនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តកីឡា NIPPON នៃប្រទេសជប៉ុនជាអ្នកចុះហត្ថលេខាជាមួយគ្នា។

ចំពោះអានុស្សរណៈនេះធ្វើឡើងក្នុងគោលបំណងរៀបចំពង្រឹងកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិរវាងគ្នាដោយមានការទទួលស្គាល់គ្នាទៅវិញទៅមក។ អនុស្សរណៈនេះរៀបចំឡើងក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិពង្រឹង និងពង្រីកចំណងមិត្តភាពរវាងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងសាកលវិទ្យាល័យវិទ្យាសាស្រ្តកីឡា NIPPON និងបង្កើនគុណភាពវិជ្ជាជីវៈនៃការបណ្ដុះបណ្ដាលឲ្យមានភាពកាន់តែប្រសើរឡើងដោយប្រើប្រាស់វិទ្យាសាស្រ្តកីឡា ដោយគោលដៅនៃកិច្ចសហប្រតិបត្តិការគឺដើម្បីចែករំលែកចំណេះដឹងផ្នែកអប់រ និងជំនាញលើវិស័យវិទ្យាសាស្រ្តកីឡា និងអប់រំកាយរវាងជប៉ុន និងកម្ពុជា រួមទាំងលើកកម្ពស់ឧត្តមភាពនៃវិជ្ជាជីវៈ និងមិត្តភាពតាមរយៈការស្រាវជ្រាវផ្នែកអប់រំការបង្រៀន និងការផ្ដល់សេវា ក៏ដូចជាគាំទ្រដល់កម្មវិធីផ្លាស់ប្ដូរវប្បធម៌រវាងនិស្សិត និងអ្នកជំនាញផ្នែងអប់រំដែលមានគោលដៅពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាជាសាកល។

អនុស្សរណៈនេះក៏ធ្វើឡើងដើម្បីសម្របសម្រួលដល់ការស្វែងរកឱកាសនៃការធ្វើកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងការផ្លាស់ប្ដូរគ្នាជាលក្ខណៈអន្តរជាតិបន្ថែមទៀត និងកាន់តែមានភាពស៊ីជម្រៅរវាងគ្រឹះស្ថានទាំង២ដូចជារដ្ឋបាលនៃកម្មវិធីផ្លាស់ប្ដូររវាងនិស្សិត និងនិស្សិត, ផ្លាស់ប្ដូររវាងមហាវិទ្យាល័យ និងមហាវិទ្យាល័យ និងរដ្ឋបាលនៃការធ្វើគម្រោងរួមគ្នា។

សូមបញ្ជាក់ដែរថា នៅឆ្នាំ២០២០ខាងមុខនេះប្រសិនបើគ្មានការប្រែប្រួលទេនោះវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានឹងត្រូវដំឡើងឋានៈឲ្យទៅជាសាកលវិទ្យាល័យកីឡាដំបូងគេនៅប្រទេសកម្ពុជា ខណៈដែលលក្ខណៈសម្បត្តិនានាដើម្បីក្លាយជាសាកលវិទ្យាល័យកីឡាត្រូវបានរៀបចំជាបណ្ដើរៗហើយពិសេសមេរៀន និងគ្រូដែលខ្លះកំពុងតែសិក្សានៅក្រៅប្រទេស៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់