ម្ចាស់ផ្ទះកម្ពុជាគ្រងជើងឯក MATIC 2019 ក្រោយផ្តួលម៉ាឡេស៊ីយប់មិញ!

នូ មករា January 14, 2019


ភ្នំពេញ៖ នេះជាពិតជាអស្ចារ្យ សម្រាប់ក្រុម Klach Ey ដែលតំណាងម្ចាស់ផ្ទះកម្ពុជាបានប្រឹងប្រែងយកកិត្តិយមកជូនជាតិក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិចពានរង្វាន់អន្តរជាតិ MATIC 2019 កាលពីយប់មិញនេះ ខណៈដែលក្រុមម៉ាឡេស៊ីជាប់ចំណាក់ថ្នាក់លេខ២ ស្របពេលដែលចិន និងថៃ ធ្លាក់ត្រឹមវគ្គប្រកួតវិលជុំសន្សំពិន្ទុ។ អ្វីដែលពិសេសនោះគឺក្រុមចំណូលថ្មី Klach Ey បានទម្លាក់ម្ចាស់ជើងឯកថ្នាក់ជាតិដែលគេស្គាល់ថាជាក្រុមខ្លាំង Never Care ក្នុងវគ្គសន្សំពិន្ទុ ដោយលទ្ធផល ២-១ ថែមទៀត។

សូមបញ្ជាក់ថា រូបមន្តនៃការប្រកួតត្រូវធ្វើឡើងពីវគ្គសន្សំពិន្ទុសម្រាប់ជុំដំបូងគឺក្រុមទាំង៤ត្រូវប៉ះគ្នាទាំងអស់ហើយក្រុមដែលទទួលបានពិន្ទុខ្ពស់ជាងគេ២ គឺលេខ១ និងលេខ២ នឹងត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រតែម្តងដើម្បីស្វែងរកក្រុមជើងឯកពានអន្តរជាតិនេះ។ ចំពោះជ័យជម្នះនេះក្រុមកម្ពុជា Klach Ey ទទួលបានពាន មេដាយមាស និងប្រាក់រង្វាន់ ៦០០០ ដុល្លារអាមេរិក រីឯជើងឯករងដែលជាក្រុមម៉ាឡេស៊ី Suicide ទទួលបានប្រាក់រង្វាន់ ៣០០០ ដុល្លារអាមេរិក។

ជាមួយគ្នានេះដែរឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពជាបានមានប្រសាសន៍ថា៖ “នេះជាមោទកភាពដែលកម្ពុជាបានទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកទី២ បន្ទាប់ពីលើកទី១ធ្វើម្តងហើយកាលពីឆ្នាំ២០១៤។ អ្វីដែលជាសារគួរឲ្យចាប់អារម្មណ៍នោះគឺ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាកំពុងរៀបចំផែនការដើម្បីត្រៀមខ្លួនបញ្ជូនកីឡាករចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩នេះនៅប្រទេសហ្វីលីពីន ដូចនេះ សូមយុវកីឡាករត្រៀមខ្លួនទាំងអស់គ្នាដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមទាំងអស់គ្នា។”

គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និង Sabay ជាអ្នករៀបចំការប្រកួតនេះដែលទទួលបានការអនុញ្ញាតពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុនទូរសព្ទ Huawei ទូរទស្សន៍ MYTV ផ្សារទំនើប AEON Mall និងក្លឹបកីឡាអេឡិចត្រូនិក MCT E-Sport Cambodia៕
អត្ថបទ៖ ប៉ាវឡុង ជីង
រូបភាព៖ សប្បាយ

មតិយោបល់