សហព័ន្ធកីឡាហែលទឹក នឹងផ្លាស់ប្ដូរឥរិយាបថប្រកួតដោយផ្តោតលើយុវជនជាចម្បង!

នូ មករា January 10, 2019


ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានប្រាប់ឲ្យដឹងថា ចាប់ពីឆ្នាំ២០១៩នេះតទៅសហព័ន្ធហែលទឹកបានសម្រេចចិត្តប្ដូរឥរិយាបថប្រកួតដើម្បីផ្ដោតការយកចិត្តទុកដាក់លើយុវជនឲ្យបានច្រើន ខណៈដែលកន្លងមកក្នុងការប្រកួតតែងតែធ្វើឡើងដោយមានកីឡាករ-កីឡាការិនីគ្រប់វ័យចូលរួម ប៉ុន្តែចាប់ពីឆ្នាំ២០១៩នេះលោកនឹងបែងចែកការប្រកួតឲ្យដាច់ដោយឡែកពីគ្នា ពោលគឺសម្រាប់យុវជនបង្កើតជាព្រឹត្តិការណ៍មួយ និងសម្រាប់កីឡាករ កីឡាការិនីជំនាញត្រូវមានព្រឹត្តិការណ៍មួយដោយឡែក។

លោកអះអាងថា ក្នុងមួយឆ្នាំមានតែ២ព្រឹត្តិការណ៍ប៉ុណ្ណោះដែលនឹងប្រកួតដោយបើកទូលាយ (Open) សម្រាប់ផ្នែកកីឡាជំនាញនិងកីឡាវ័យក្មេងរួមបញ្ចូលគ្នាគឺការប្រកួតជើងឯកជាតិ និងការប្រកួតដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុន។ សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំក្នុងស្រុកមានចំនួន៥ ដោយក្នុងឆ្នាំ២០១៩ នេះសហព័ន្ធបានរៀបចំគម្រោងចំណាយលើការប្រកួតរួចរាល់ហើយដែរ។

លោកបន្តថា សូម្បីតែនៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ SCG ដែលគ្រោងរៀបចំនៅពេលខាងមុខនេះក៏សហព័ន្ធផ្ដោតទៅលើយុវជនដែរដោយព្រឹត្តិការណ៍នេះសហព័ន្ធនឹងរៀបចំការប្រកួតចំនួន៣ប្រភេទអាយុគឺអាយុក្រោម១៣ឆ្នាំ, អាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ព្រោះ ៣ប្រភេទអាយុនេះសំខាន់ណាស់ពោលជាប្រភេទអាយុថ្នាលសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ និងចូលរួមព្រឹត្តិការណ៍ SEA School Games និង ASEAN University Games ផងដែរ ជាពិសេសនៅចុងខែមិថុនាឆ្នាំ២០១៩នេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ SEA Age ដែលជាការប្រកួតសម្រាប់អត្តពលិកវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍ថែមទៀតផង៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់