សម្តេច ស ខេង ប​ន្តដឹកនាំសហព័ន្ធកីឡាទូកកានូ និងរ៉ូវីង ប៉ុន្តែរុះរើក្បាលម៉ាស៊ីនខ្លះៗ

នូ មករា January 10, 2019


ភ្នំពេញ៖ នៅក្នុងមហាសន្និបាតកាលពីព្រឹកថ្ងៃទី៨ ខែមករានោះ បានប្រកាសថា សម្ដេចក្រឡាហោម ស ខេង នឹងនៅបន្តកាន់តំណែងជាប្រធានសហព័ន្ធដដែល រីឯលោកនាយឧត្តមនាវី ទៀ វិញ នៅជាអនុប្រធានសហព័ន្ធ និងមានលោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន់ សូរស័ក្តិ ជាអនុប្រធានសហព័ន្ធដែរ។ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ដែលទើបក្លាយជាអគ្គលេខាធិការនោះបានអះអាងថាលោកជាអ្នកកាន់កីឡាក្រសួងមហាផ្ទៃហើយលោកមិនមានចរិតចង់បានផលប្រយោជន៍ពីកីឡាឡើយ។

លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ក៏បានប្រកាសជួយសងបំណុលនានាដែលសហព័ន្ធចាស់ជំពាក់គេ។ តាមពិតរឿងជំពាក់លុយគេវាជារឿងខ្លាំង ឬ ខ្សោយរបស់អគ្គលេខាធិការ ជាក់ស្តែងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សហព័ន្ធពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ មានចំណូល ៤៤១.០០០.០០០រៀល ជាមួយនឹងចំណូលប៉ុណ្ណេះសហព័ន្ធបានចំណាយទៅវិញអស់ចំនួន ៤៤៣.១៤៨.០០០រៀល ហេតុនេះសហព័ន្ធត្រូវជំពាក់គេចំនួន ២.១៤៨.០០០រៀលទៀត។ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង បានប្រកាសថាបំណុលនេះលោកទទួលសងទោះបីអាណត្តិមុនមិនមានឈ្មោះលោកនៅក្នុងសហព័ន្ធនេះក៏ដោយ។

សូមបញ្ជាក់ថា អាណត្តិមុននេះមាន លោក មាស សារិន ជាអគ្គលេខាធិការប៉ុន្តែបន្ទាប់ពីឆ្លងកាត់មហាសន្និបាតនេះមក លោក មាស សារិន បានក្លាយជាអនុប្រធានអចិន្រ្តៃយ៍ក្នុងចំណោមអនុប្រធានចំនួន ៥ ចំណែកអភិបាលរាជធានី-ខេត្តទាំង២៥បានក្លាយជាសមាជិកប្រតិបត្តិរបស់សហព័ន្ធដែលអាណត្តិនេះមានសមាជិកប្រតិបត្តិចំនួន ៣៣រូបក្នុងនោះអភិបាលរាជធានីភ្នំពេញគឺ លោក ឃួង ស្រេង និងអភិបាលខេត្តកណ្ដាលគឺ លោក ម៉ៅ ភិរុណ បានក្លាយជាអនុប្រធានសហព័ន្ធ ផងដែរ។ ចំពោះអភិបាលនៃខេត្តចំនួន២៣ទៀតគឺជាសមាជិកប្រតិបត្តិធម្មតា។

ជាការកត់សម្គាល់ដែរនោះ លោកបានបន្ថែមថា លោកពុំធ្លាប់កាន់ការងារនេះទេ ប៉ុន្តែលោកសន្យាថានឹងរួមចំណែកអភិវឌ្ឍន៍កីឡានេះ ព្រោះបញ្ហាបច្ចកទេសលោកមិនសូវដឹងទេតែលោកនឹងជួយជាធនធានហើយសហព័ន្ធមួយនេះត្រូវរួមគ្នាធ្វើទាំងអស់គ្នាកុំនៅមើលបំណាំគ្នាដើម្បីចាប់កំហុសគ្នាឡើយ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់