ពហុកីឡដ្ឋានមរតកតេជោ ចាប់ផ្ដើមដំឡើងបង្គំកៅអីអង្គុយនៅបរិវេណទីលានបាល់ទាត់

នូ មករា January 9, 2019


ភ្នំពេញ៖ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញធ្វើជាសាក្សីក្នុងការដំឡើងបង្គុំកៅអីសម្រាប់អង្គុយទស្សនាបាល់ទាត់ក្នុងពហុកីឡដ្ឋានមរតកតេជោនាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ។ ពិធីនេះក៏មានការចូលរួមពីសំណាក់ លោក Wang Chun Xian ដែលជាតំណាងក្រសួងពាណិជ្ជកម្មចិនទៀតផង។


សូមបញ្ជាក់ថា បង្គុំកៅអីថ្មនេះមានចំនួន ៤.៦២៤ដុំ, ជណ្ដើរមាន ២.៣៩២កាំ និងបង្កាន់ដៃចំនួន១៩២ ហើយបន្ទាប់ពីចាប់បង្គុំបេតុងនេះហើយទើបបំពាក់កៅអីជ័រដែលអាចផ្ទុកមនុស្សបានចំនួន ៥៥.០០០នាក់ និងកៅអីបម្រុងចំនួន៥.០០០កៅអីជាបន្តទៀត ខណៈដែលកីឡដ្ឋាននេះមានសមត្ថភាពជម្លៀសមនុស្សដោយប្រើពេលតែ៧នាទីប៉ុណ្ណោះ។ ចំពោះមណ្ឌលទស្សនាបាល់ទាត់នេះមាន៥ជាន់ដោយមានជាន់ផ្ទាល់ដី ជាន់កណ្ដាល និងជាន់ខ្ពស់បំផុត។

សូមបញ្ជាក់ដែរថា រយៈពេល១៦ខែហើយដែលពហុកីឡដ្ឋាននេះចាប់ផ្ដើមសាងសង់ដោយប្រើកម្លាំងពលកម្មទាំងវិស្វករ ទាំងអ្នកបច្ចេកទេស និងកម្មករចំនួន ៥៨០នាក់ដែលក្នុងចំណោមនោះមានកម្មករ និងអ្នកបច្ចេកទេសខ្មែរចំនួន២៤០នាក់។ ពហុកីឡដ្ឋានដែលធ្វើឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននេះមានតម្លៃជាង ១៦០លានដុល្លារសហរដ្ឋអាមេរិក។ គិតមកទល់ពេលនេះកសាងសម្រេចបានជាង៤០ភាគរយហើយៗបើតាមការគ្រោងទុកការសាងសង់នឹងបញ្ចប់នៅចុងឆ្នាំ២០២០ដែលពេលនោះរដ្ឋាភិបាលចិននឹងប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាតែម្ដង។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានមរតកតេជោបានបញ្ចប់ការសាងសង់មជ្ឈមណ្ឌលហែលទឹក និងវិមានសម្រាប់ប្រកួតកីឡាក្នុងសាលបានរួចរាល់អស់ហើយ ដោយធ្លាប់បានបើកការប្រកួតខ្លះៗហើយដែរ។ លោក ថោង ខុន បានចាត់ទុកថាតំបន់ពហុកីឡដ្ឋានមរតកតេជោនេះនឹងក្លាយជាទីក្រុងរណបដ៏ទាក់ទាញបំផុតមួយនាពេលអនាគត៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់