កាយសម្ព័ន្ធ រៀបចំផែនការរំកិលមួយទៀតបោះជំហានឆ្ពោះទៅសុីហ្គេម ២០២៣

នូ មករា January 3, 2019


ភ្នំពេញ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រកាសពីការរៀបចំនូវផែនការរំកិលមួយទៀតដែលជាការត្រៀមខ្លួនសម្រាប់២០២៣ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២នោះ។ គួររំលឹកថា កាយសម្ព័ន្ធបានរៀបចំផែនការមេរបស់ខ្លួនសម្រាប់ស៊ីហ្គេមតាំងពីឆ្នាំ២០១៦មកម្ល៉េះ ហើយជាលទ្ធផលបន្ទាប់ពីរៀបចំខ្លួនបាន២ឆ្នាំមក អ្វីៗហាក់មានការប្រែប្រួលល្អច្រើនពិសេសកីឡាករ-កីឡាការិនីថ្នាលវ័យក្មេងតែម្តង។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានចាត់ទុកថាឆ្នាំ២០១៩គឺជាឆ្នាំពិសេសដែលក្នុងនោះការប្រកួតមានច្រើន ស្របពេលដែលសហព័ន្ធក៏ត្រូវបង្កើនសមត្ថភាពដល់គ្រូបង្វឹក និងចៅក្រមកម្រិតអន្តរជាតិរបស់ខ្លួនឲ្យឡើងមួយកម្រិតទៀត ព្រោះគ្រូបង្វឹកកម្រិតអន្តរជាតិរបស់កម្ពុជាស្ថិតក្នុងលំដាប់ទី២ (Level-2) ហើយនៅឆ្នាំ២០១៩នេះសហព័ន្ធនឹងបញ្ជូនពួកគេឲ្យទៅបន្តការសិក្សាដើម្បីបង្កើនសមត្ថភាពឲ្យដល់កម្រិតទី៣ (Level-3)បន្ថែមទៀត។ សម្រាប់ចៅក្រមអន្តរជាតិរបស់កម្ពុជាវិញ ទោះបីមានចំនួនតិចក៏ពិតមែនប៉ុន្តែពួកគេជាចៅក្រមមានគុណភាពកម្រិតខ្ពស់ និងធ្លាប់ចេញទៅបំពេញការងារជាចៅក្រមអន្តរជាតិនៅក្រៅប្រទេសជាញឹកញាប់។

លោកបានបន្ថែមថា នៅឆ្នាំ២០១៩នេះ សម្រាប់ក្នុងស្រុកមានការប្រកួតជើងឯកជាតិ ការប្រកួតពានរង្វាន់លោក ថោង ខុន ហើយក៏នៅមានការប្រកួតជើងឯកអាស៊ី ជើងឯកអាស៊ីអាគ្នេយ៍(អាស៊ាន) ពិសេសកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨កាយសម្ព័ន្ធបានប្រមូលផ្ដុំកីឡាករ-កីឡាការិនីថ្នាលចំនួន១០រូបតែសម្រាប់ឆ្នាំ២០១៩នេះលោកអគ្គលេខាធិការនឹងសុំទៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាសុំបន្ថែមកីឡាការិនីចំនួន២រូបទៀត។

លោកអគ្គលេខាធិការរូបនេះទទួលស្គាល់ថាកីឡាកាយសម្ព័ន្ធពិតជាលំបាករកមេដាយណាស់ ប៉ុន្តែយ៉ាងយូរបំផុតក្នុងរវាងខែមីនាឆ្នាំ២០១៩នេះសហព័ន្ធរបស់លោកនឹងបញ្ជូនអត្តពលិកវ័យក្មេងចំនួន២រូបទៅហ្វឹកហាត់រយៈពេលយូរនៅប្រទេសចិនដើម្បីទទួលបានគុណភាពល្អសម្រាប់ការប្រកួតដណ្តើមមេដាយដោយពួកគេនឹងហ្វឹកហាត់នៅទីនោះរហូតដល់ការប្រកួតកីឡាស៊ីហ្គេមមកដល់ ពោលគឺពួកគេនឹងមិនត្រឡប់មកកម្ពុជាវិញឡើយគឺទៅចូលរួមស៊ីហ្គេមនៅប្រទេសហ្វីលីពីនតែម្ដង លុះដល់ចប់ការប្រកួតកីឡាស៊ីហ្គេមទើបពួកគេត្រឡប់មកស្រុកខ្មែរវិញ។

សូមបញ្ជាក់ដែរថា កីឡាកាយសម្ព័ន្ធគឺជាប្រភេទកីឡាមួយដែលពិសេសជាងគេត្រង់ថាទោះបីផុតរដូវប្រមូលផ្ដុំក៏ប្រភេទកីឡាមួយនេះនៅតែបន្តប្រមូលផ្ដុំដោយសាមីសហព័ន្ធខ្លួនឯងជាអ្នកចិញ្ចឹម ដែលពាក់ព័ន្ធជាមួយករណីនេះ លោក ណយ ផាណា ពន្យល់ថា ប្រសិនបើផុតរដូវប្រមូលផ្ដុំសហព័ន្ធរំសាយពួកគេនោះនៅពេលប្រមូលផ្ដុំមកវិញពួកគេនឹងក្លាយជាកីឡាករ-កីឡាការិនីថ្មីហេតុនេះសហព័ន្ធសម្រេចមិនរំសាយពួកគេឡើយ។

 

គួររំលឹកដែរថា កាយសម្ព័ន្ធនៅទូទាំងប្រទេសមានក្លិបចំនួន៩ ដែលក្លិបទាំងអស់សុទ្ធខ្វះសម្ភារៈហ្វឹកហាត់ ហើយសម្ភារៈទាំងនេះមានតម្លៃខ្ពស់ហើយប្រសិនបើសហព័ន្ធសុំស្នើជំនួយបានដើម្បីយកទៅផ្ដល់ឲ្យក្លិបនោះក៏លំបាកដែរព្រោះគ្មានកន្លែងរៀបចំនោះទេ។ តាមជាក់ស្តែង ទីកន្លែងហាត់កាយសម្ព័ន្ធមិនអាចមានតែរោងប្រក់សង្កសីអាចហាត់បាននោះទេ ប៉ុន្តែត្រូវមានជញ្ជាំង និងកន្លែងរៀបចំទុកដាក់សម្ភារៈហ្វឹកហាត់ឲ្យបានត្រឹមត្រូវផងដែរ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់