ការប្រកួតរត់កម្សាន្ត និងឡើងភ្នំដងរែកជាលើកដំបូងនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែមករានេះ

នូ មករា January 3, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ឡើងភ្នំជាលើកដំបូងដែលនឹងធ្វើនៅលើកំពូលភ្នំ និងជើងភ្នំដងរែកនោះនឹងរៀបចំឡើងនៅថ្ងៃទី៥ ខែមករា ពោលគឺនឹងដំណើរការទៅតាមការគ្រោងទុកបើទោះបីជាមិនសូវមានអ្នកចូលរួមច្រើនក្តី។ សូមបញ្ជាក់ថា ប្រភេទកីឡាទេសចរណ៍បែបនេះមានជនបរទេសចូលចិត្តច្រើនណាស់ព្រោះពួកគេអាចទស្សនាធម្មជាតិស្រស់បំព្រង និងស្ថានភាពភ្នំនៅប្រទេសកម្ពុជាផង។


ព្រឹត្តិការណ៍នេះនឹងធ្វើនៅចង្កេះភ្នំ និងលើភ្នំដងរែកតំបន់ផ្ទះតាម៉ុក តំបន់បញ្ចុះសាកសពលោក សុន សេន និងប៉ុល ពត ដែលជាមេដឹកនាំកំពូលរបស់ខ្មែរក្រហមជាពិសេសទីនោះជាមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ខ្មែរក្រហមដែលត្រូវបានបញ្ចប់ដោយនយោបាយឈ្នះ ឈ្នះ កាលពី២០ឆ្នាំមុន។ លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា សម្រាប់ការរត់នៅខាងក្រោមភ្នំ (ចង្កេះភ្នំ) ដែលមានចម្ងាយ៣គីឡូម៉ែត្រនោះគឺជាការរត់កម្សាន្តជាមួយធម្មជាតិដោយមានអ្នកចូលរួមជាង ១.០០០នាក់ហើយ។

ចំពោះការដើរឡើងភ្នំមានចំនួនមិនច្រើនទេគឺមានចំនួនប្រមាណ ៦០នាក់ដែលក្នុងនោះមានជនបរទេសដែលជាអ្នកស្រាវជ្រាវ បុគ្គលិកស្ថានទូត និងអ្នកប្រវត្តិវិទូបរទេស។ ការដើរឡើងភ្នំនេះមានចម្ងាយឆ្ងាយជាងរត់នៅជើងភ្នំហើយស្ថានភាពផ្លូវក៏លំបាកជាងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ពួកគេសប្បាយចិត្តនឹងការចូលរួមលេងកីឡាប្រភេទនេះ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់