ខេត្តកណ្តាល បើកការប្រកួតកីឡា ៥ប្រភេទ អបអរទិវាជ័យជម្នះ ៧ មករា

នូ មករា January 2, 2019


ភ្នំពេញ៖ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានរៀបចំការប្រកួតកីឡា ៥ប្រភេទដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករាដែលព្រឹត្តិការណ៍នេះចាប់ផ្ដើមពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅទីលានបាល់ទាត់ខេត្តកណ្តាល។ លោក ហែម វ៉ារិន អនុប្រធានការិយាល័យអប់រំកាយ និងកីឡា និងសមាជិកគណៈកម្មការរៀបចំការប្រកួតបានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើងដើម្បីអបអរសាទរទិវា៧ មករា ដែលការប្រកួតនេះគឺក្នុងគោលបំណងជ្រើសរើសកីឡាករ-កីឡាការិនីល្អៗដើម្បីត្រៀមចូលរួមប្រកួតជើងឯកថ្នាក់ជាតិ។

សូមបញ្ជាក់ថា កីឡាទាំង៥ប្រភេទកីឡាគឺ៖ បាល់ទាត់ ប៉េតង់ អត្តពលកម្ម ទាញព្រ័ត្រ និងតេក្វាន់ដូ WTF (World Taekwondo) ដោយប្រភេទកីឡាបាល់ទាត់មាន ១១ក្រុមរួមមានកីឡាករ ១៩៨នាក់និងប្រកួតតាមលក្ខណៈវិលជុំចាប់ផ្តើមពីថ្ងៃទី២ ត្រូវបញ្ចប់ថ្ងៃទី៦ ខែមករា រីឯប្រភេទកីឡាប៉េតង់មាន ២០ក្រុមនិងកីឡា៨០នាក់ដោយចែកចេញជា៤ពូលចាប់ផ្តើមពីថ្ងៃទី៣ ត្រូវបញ្ចប់ថ្ងៃទី៦ ខែមករាដូចគ្នា ចំពោះអត្តពលកម្មវិញមានអត្តពលិក១៥នាក់ចូលរួមប្រកួតលើចម្ងាយ ៥គ.ម និង៣គ.ម ចំណែកកីឡាទាញព្រ័ត្រ និងតេក្វាន់ដូ WTF នឹងការប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី២ ដល់៦ ខែមករា ឆ្នាំ២០១៨ដូចគ្នាដែរ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់