ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាថ្នាក់ដឹកនាំដែលចូលរួមក្នុងសកម្មភាពកីឡាច្រើនជាងគេ!

នូ មករា January 2, 2019


ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការណ៍ និងដឹកជញ្ជូន និងជាប្រមុខសហព័ន្ធខ្មែរកីឡាហែលទឹកនោះបានចូលរួមលេងកីឡាជាច្រើននៅក្នុងឱកាសសម្ពោធវិមានឈ្នះ ឈ្នះ ដែលទើបតែនឹងបញ្ចប់ទៅនោះ។


ទោះមានជំនាញជាកីឡាករហែលទឹកកាលពីអតីតកាលពិតមែនក៏ លោក ស៊ុន ចាន់ថុល តែងតែចូលរួមក្នុងព្រឹត្តិការណ៍កីឡាផ្សេងៗទៀត ជាក់ស្តែងការរត់ម៉ារ៉ាតុង និងពាក់កណ្ដាលម៉ារ៉ាតុងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ហើយក្នុងឱកាសសម្ពោធវិមានឈ្នះ ឈ្នះ និងរំលឹកខួបលើកទី២០ថ្ងៃបញ្ចប់សង្គ្រាមស៊ីវីលនៅកម្ពុជា លោកទេសរដ្ឋមន្ត្រីក៏បានអញ្ជើញចូលរួមជិះកង់កម្សាន្តលើចម្ងាយផ្លូវជាង២០គីឡូម៉ែត្រពីពហុកីឡដ្ឋានជាតិអូឡាំពិកឆ្ពោះទៅពហុកីឡដ្ឋានមរតកតេជោ។

គួររំលឹកថា កាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិមរតកតេជោ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំមន្ដ្រីរាជការ និងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនប្រមាណ ១៤០រូបចូលរួមក្នុងកម្មវិធីរត់ប្រណាំងកម្សាន្តចម្ងាយ ៣គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រ ដើម្បីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ។

ក្រៅពីជាថ្នាក់ដឹកនាំមួយរូបដែលតែងតែចំណាយពេលវេលាចូលរួមក្នុងសកម្មភាពកីឡាហើយនោះ ប្រមុខសហព័ន្ធហែលទឹករូបនេះក៏បានដឹកនាំសាងសង់មជ្ឈមណ្ឌលហែលទឹកតេជោសែននាខេត្តកំពង់ចាម រួមជាមួយការកសាងអាងហែលទឹកជាលើកដំបូងនៅស្រុកកោះធំ និងពេលនេះកំពុងជួសជុលអាងទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកដែលចំណាយថវិកាអស់ជាង ២លានដុល្លារឯណោះ៕


អត្ថបទ៖ វ៉ាន្នី

មតិយោបល់