នៅទីបំផុត ការប្រកួតជើងឯកបុរសខ្លាំងលើកដំបូងរកឃើញអ្នកឈ្នះហើយ!

នូ មករា December 31, 2018


ភ្នំពេញ៖ ការប្រកួតជ្រើសរើសជើងឯកបុរសខ្លាំងលើកទី១ឆ្នាំ២០១៨ ដើម្បីអបអរសាទរពិធីសម្ពោធវិមានឈ្នះ ឈ្នះ និងខួប២០ឆ្នាំនៃនយោបាយឈ្នះ ឈ្នះបានបញ្ចប់ហើយនៅយប់ថ្ងៃទី៣០ ខែធ្នូម្សិលមិញ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានអញ្ជើញចូលរួមបំពាក់មេដាយដល់ជ័យលាភីនៃការប្រកួតបុសខ្លាំងលើកដំបូងនេះ។

 

សម្រាប់ការប្រកួតនេះមានកីឡាករចូលរួមចំនួន៣០រូបគឺលើសពីការចុះឈ្មោះដំបូងដែលមានចំនួនតែ២៥នាក់ប៉ុនណោះ។ ការប្រកួតនេះដែរវបានចែកចេញជា២ប្រភេទទម្ងន់គឺទម្ងន់ក្រោម៧០គីឡូក្រាម និងលើ៧០គីឡូក្រាម ដោយមានចំនួន៥វិញ្ញាសាហើយបេក្ខជនដែលចូលរួមប្រកួតនេះត្រូវតែប្រកួតឲ្យគ្រប់វិញ្ញាសាទាំង៥ ។

សូមបញ្ជាក់ថា វិញ្ញាសាទាំង៥នេះគឺវិញ្ញាសាឱបបាវខ្សាច់ រមៀលកង់ឡាន អូសឡាន លើកទម្ងន់ធ្ងន់ និងលើកទម្ងន់ធ្ងន់បានយូរ។ សម្រាប់ប្រភេទទម្ងន់ក្រោម៧០គីឡូក្រាមចំណាត់ថ្នាក់លេខ១ កីឡាករ ឌុច ប៊ុនរ័ត្ន មកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, ចំណាត់ថ្នាក់លេខ២ គឺកីឡាករ យ៉ាន់ ដាម មកពីក្រសួងការពារជាតិ, ចំណាត់ថ្នាក់លេខ៣ស្ទួនកីឡាករ គឹម ប៊ុនសុង មកពីក្លិប Homes Gym និងកីឡាករ បួស ផាយ៉ា មកពីក្លិបគីងកុង។

សម្រាប់ប្រភេទទម្ងន់លើ៧០គីឡូក្រាមវិញចំណាត់ថ្នាក់លេខ១ គឺកីឡាករ ហេង វុទ្ធី មកពីសមាគមកីឡាក្រសួងមហាផ្ទៃ, លេខ២ បានទៅកីឡាករ ជឿម ពិសិដ្ឋ មកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ចំណែកលេខ៣ស្ទួនកីឡាករ ឆាំ ពិស៊ីន ក្រសួងមហាផ្ទៃ និងកីឡាករ ឈុនឌី រតនា មកពីក្លិប Home Gym៕

មតិយោបល់