ក្រសួងអប់រំ យុវជន និងកីឡា ចំណាយ ១លានដុល្លារក្នុង ១ឆ្នាំលើការបណ្ដុះបណ្ដាលធនធានថ្នាល

នូ មករា December 27, 2018


ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅក្នុងពិធីបូកសរុបវាយតម្លៃផែនការមេ និងការអនុវត្តរបស់សហព័ន្ធកីឡាជាតិដើម្បីឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះនៅទីស្នាក់ការរបស់ NOCC ថា ក្នុងមួយឆ្នាំក្រសួងចំណាយ ១លានដុល្លារសម្រាប់ការបណ្ដុះបណ្ដាលថ្នាល។

លោកបានលើកឡើងថា៖ «ដើម្បីឲ្យកីឡាទទួលបានលទ្ធផលល្អនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ពិសេសក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី៣២ ឆ្នាំ២០២៣ កត្តាសំខាន់គឺបញ្ហាបណ្តុះបណ្តាលកីឡាករ-កីឡាការិនីវ័យក្មេងដែលយើងហៅថា ថ្នាក់ថ្នាល។ កីឡាថ្នាលនេះសំខាន់បំផុត ពីព្រោះក្នុង ១ឆ្នាំក្រសួងចំណាយជាង ១ លានដុល្លារ ហើយបើតាមបច្ចេកទេសត្រូវចំណាយពេលរហូតដល់ ៦ឆ្នាំទើបអត្តពលិកទាំងនោះបានក្លាយជាកីឡាករ-កីឡាការិនីកម្រិតខ្ពស់ និងជំនាញបាន»។

លោកបានបន្តថា៖ «កីឡាករថ្នាលមិនគប្បីដោះដូរឈ្មោះ ឬដូរមនុស្សទេ ពីព្រោះអត្តពលិកថ្នាលគឺយើងសម្រិតសម្រាំងទាំងកម្លាំង ទាំងបច្ចេកទេស និងថែទាំទាំងសុខភាព និងរបបអាហារ ក៏ដូចជាត្រូវប្រមូលផ្តុំគ្រប់គ្រងហ្វឹកហាត់ជាក្រុមជម្រើសជាតិ ក្រោមការគ្រប់គ្រងរបស់គ្រូជំនាញនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយសមាសភាពអត្តពលិកទាំងនោះគឺមិនត្រូវផ្លាស់ប្តូរដោយបញ្ហាណាមួយច្រើនពេកនោះទេ»។

មិនត្រឹមតែប៉ុណ្ណោះលោកក៏បានសង្កត់ធ្ងន់បន្ថែមថា ទោះជាផែនការមេមានទម្រង់ល្អឥតខ្ចោះយ៉ាងណាក៏ដោយ ប៉ុន្តែអ្វីដែលទទួលជោគជ័យ និងទទួលលទ្ធផលល្អនោះ គឺការអនុវត្តជាស្តែងផ្ទាល់តែម្តង ហើយកត្តាសំខាន់ដែលជាចំណុចខ្លាំងមិនមែនប្រធានសហព័ន្ធទេគឺអគ្គលេខាធិការ និងគ្រូបង្វឹកនេះតែម្តង៕

រូបភាព៖ NOCC  និង omarhavana (http://www.omarhavana.com/khmer-fighters-cambodia)
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់