សម្តេចនាយករដ្ឋមន្ត្រី នឹងចូលរួមប្រកួតវាយកូនហ្គោល អបអរសាទរថ្ងៃសម្ពោធវិមានឈ្នះ-ឈ្នះ

នូ មករា December 27, 2018


ភ្នំពេញ៖ ខណៈដែលពិធីសម្ពោធវិមានអនុស្សាវរីយ៍ ឈ្នះ-ឈ្នះ និងខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាខិតជិតដល់ហើយនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដាក់កីឡាចំនួន ១២ប្រភេទដើម្បីចូលរួមអបអរសាទរដោយក្នុងចំណោមនោះមាន ១ប្រភេទកីឡាដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងចូលរួមប្រកួតប្រជែងដណ្ដើមយកមេដាយផងដែរពោលគឺកីឡាវាយកូនហ្គោល។

គួរបញ្ជាក់ថា សហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជាបានជ្រើសរើសយកថ្ងៃទី៣០ ខែធ្នូ ជាថ្ងៃប្រកួតហើយបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលពិធីអបអរសាទរត្រូវបានគេរៀបចំឱ្យប្រកួតកីឡារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩-៣០ និងទី៣១ នៅក្នុងបរិវេណពហុកីឡដ្ឋានមតកតេជោនៃតំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់។

ចំពោះ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអបអរសាទរពិធីសម្ភោធវិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ និងខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ក្រោមគោលនយោបាយឈ្នះ-ឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ភាគច្រើនមានវត្តមានកីឡាករវ័យចំណាស់ដែលបម្រើការងារក្នុងជួររដ្ឋាភិបាលកម្ពុជា និងទូតបរទេសមួយចំនួនប្រចាំនៅកម្ពុជា។

សម្រាប់ ប្រភេទកីឡាទាំង១២ ដែលគណៈកម្មាធិការជាតិអូឡាំពិកបានដាក់ឱ្យប្រកួតអបអរនោះមានដូចជា៖ កីឡា គុនល្បុក្កតោ ចំបាប់ អុកចត្រង្គ ប្រដាល់គុនខ្មែរអន្តរជាតិ ប្រណាំងគោ ក្របីនិងសេះ ប្រណាំងកង់អាជីពនិងមហាជន រត់កម្សាន្ត វាយកូនគោល កាយវប្បកម្ម និង Martial Art ដែលមានអត្តពលិកជាតិនិងអន្តរជាតិសម្តែងរួមគ្នាផងដែរ។ ក្រៅពីការប្រកួតកីឡាក៏នឹងមានកម្មវិធីតាំងពិព័រណ៍ សម្តែងសិល្បៈកម្សាន្ត និងប្រកួតកីឡាជាច្រើនប្រទេសទៀតដើម្បីបង្ហាញជូនមហាជនទស្សនាផងដែរ៕


អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់