រាជធានីភ្នំពេញឈរចំណាត់ថ្នាក់កំពូលក្នុងការប្រកួតវាយកូនបាល់ជើងឯកជាតិឆ្នាំនេះ

នូ មករា December 25, 2018


ភ្នំពេញ៖ ក្រុមកីឡាករកីឡាការិនីមកពីរាជធានីភ្នំពេញបានគ្រងតំណែងជើងឯកនៃការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨នេះ ខណៈក្រុមកីឡាករ-កីឡាការិនីក្រសួងការពារជាតិទទួលបានត្រឹមជើងឯករងនោះ។ ព្រឹត្តិការណ៍ប្រកួតជើងឯកនេះបានធ្វើឡើងពីថ្ងៃទី២១ ដល់ទី២៤ ខែធ្នូក្រោមកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជន និងកីឡាដោយមានកិច្ចសហការជាមួយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាតែម្ដង។

សម្រាប់ឆ្នាំនេះ មានក្លិបចំនួន៨ចូលរួមដែលមានកីឡាករ-កីឡាការិនីសរុប ៥៨នាក់ (ក្នុងនោះមានកីឡាការិនីមាន៧នាក់) មកពី៖ ក្រសួងការពារជាតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ខេត្តសៀមរាប, ខេត្តកណ្តាល, រាជធានីភ្នំពេញ, ក្លិបឌីវិនខូ, ក្លិបអឺប៊េន និងភូមិកុមារអារុណរះ។

តាមរយៈនៃការប្រកួតក្រុមកីឡាករ កីឡាការិនីភ្នំពេញដណ្តើមបានមេដាយមាស២គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ចំណែកក្រុមកីឡាករ-កីឡាការិនីក្រសួងការពារជាតិដណ្តើមបានមេដាយមាស១គ្រឿង និងមេដាយប្រាក់២គ្រឿង, ក្រុមកីឡាករ-កីឡាការិនីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈ្នះមេដាយមាស១គ្រឿង, ក្រុមកីឡាករកីឡាការិនីក្លិបឌីវេនូដណ្តើមបានមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿងព្រមទាំងមេដាយសំរឹទ្ធ៣គ្រឿង។

នៅក្នុងការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨នេះមានវិញ្ញាសាចំនួន ៥រួមមាន៖ វិញ្ញាសាវាយជាក្រុមបុរស, វិញ្ញាសាវាយឯកត្តជនបុរស, វិញ្ញាសាវាយឯកត្តជននារី, វិញ្ញាសាវាយគូបុរស និងវិញ្ញាសាក្រោមអាយុ១៨ឆ្នាំ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់