វ៉ូវីណាមកម្ពុជា ពង្រឹងសមត្ថភាពអាជ្ញាកណ្ដាល-ចៅក្រមថ្នាក់ជាតិត្រៀមការប្រកួតនានា

នូ មករា December 24, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមរបស់ខ្លួនរយៈពេល៤ថ្ងៃពោលគឺពីថ្ងៃទី២២ ដល់ទី២៥ ខែធ្នូនាពហុកីឡដ្ឋានជាតិអូឡាំពិក។ វគ្គនេះធ្វើឡើងក្រោមការទ្រទ្រង់ថវិការបស់ក្រសួងអប់រំយុវជន និងកីឡាដែលមានគោលដៅបណ្ដុះបណ្ដាលធនធានមនុស្ស។ ថ្លែងនៅក្នុងពិធីបើវគ្គ លោក អ៊ូ រតនា អនុប្រធានទី១របស់សហព័ន្ធបានបញ្ជាក់ឲ្យដឹងថា តាមថវិការបស់ក្រសួងអប់រំយុវជន និងកីឡាធ្វើត្រឹមកម្រិតសិក្ខាកាមចំនួន៣៤រូបប៉ុណ្ណោះតែសហព័ន្ធបានប្រើប្រាស់ធនធានផ្ទាល់ខ្លួនបន្ថែមទៀតដើម្បីបង្កើនចំនួនសិក្ខាកាមឲ្យជិតដល់៦០រូបក្នុងនោះដែរអ្នកដែលចូលរួមនឹងបានទទួលវិញ្ញាបនប័ត្របញ្ជាក់ពីការសិក្សាទាំងអស់គ្នា។

សូមបញ្ជាក់ថា សិក្ខាកាមមានមកពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ, ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, ខេត្តព្រៃវែង, ស្វាយរៀង, កំពង់ចាម, កំពង់ធំ និងខេត្តកណ្ដាល។ ចំណែកគ្រូដែលចូលរួមឧទ្ទេសនាមគឺលោកគ្រូធំ Tran Vanmy ដែលជាប្រធានអាជ្ញាកណ្ដាលវ៉ូវីណាមពិភពលោក។ មិនតែប៉ុណ្ណោះ លោក ង្វៀង វ៉ាន់គឿង ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាក៏ជាអ្នកឧទ្ទេសនាមមួយរូបដែរ។


លោកអនុប្រធានសហព័ន្ធបានប្រាប់ទៅសិក្ខាកាមទាំងអស់មិនឲ្យអវត្តមានដាច់ខាតព្រោះអាជ្ញាកណ្ដាល ចៅក្រមមានតួនាទីសំខាន់ណាស់ ជាពិសេសត្រូវយល់ដឹង និងពង្រឹងសមត្ថភាពដោយឈរលើភាពស្មោះត្រង់ និងយុត្តិធម៌ដែលនេះជាវប្បធម៌ដ៏សំខាន់ណាស់សម្រាប់អាជ្ញាកណ្ដាល និងចៅក្រមគ្រប់រូប។ លោក Tran Vanmy បានថ្លែងនៅពេលលោកចាប់ផ្ដើមឧទ្ទេសនាមថាជាអាជ្ញាកណ្ដាល ចៅក្រមដាច់ខាតត្រូវតែច្បាស់លាស់ពីបទបញ្ជាប្រកួតព្រោះនេះជាច្បាប់គោលសម្រាប់កាត់ក្ដីពេលប្រកួត។ លោកបានបន្តថា វ៉ូវីណាមមាន២វិញ្ញាសាគឺវិញ្ញាសាប្រយុទ្ធ និងសម្តែងហេតុនេះក្នុងតួនាទីជាអាជ្ញាកណ្ដាល ចៅក្រមត្រូវតែយល់ឲ្យច្បាស់ពីរបៀបកាត់ក្ដី ឬផ្ដល់ពិន្ទុដល់គូប្រកួតទាំង២វិញ្ញសានេះ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់