សហព័ន្ធវាយកូនបាល់ ប្រកាសគម្រោងសាងសង់ទីលានស្តង់ដាអន្តរជាតិ ៥ នៅខេត្តកែប

នូ មករា December 13, 2018


ភ្នំពេញ៖ លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រកាសឲ្យដឹងថា សម្រាប់ការប្រកួតជើងឯកជាតិឆ្នាំនេះសហព័ន្ធរបស់លោកនឹងរៀបចំការប្រកួតរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២១ដល់២៤ ខែធ្នូខាងមុខ ប៉ុន្តែលោកមិនអាចប៉ាន់ស្មានទុកជាមុនអំពីចំនួនកីឡាករ-កីឡាការិនីនោះទេ តែលោកអះអាងថានឹងមានក្លិបសមាគមចំនួន៩មកពីទូទាំងប្រទេសចូលរួម។ សម្រាប់ការប្រកួតនេះសហព័ន្ធនឹងដាក់ចំនួន៥វិញ្ញាសាគឺវិញ្ញាសាឯកត្តជនបុរស, វិញ្ញាសាឯកត្តជននារី, វិញ្ញាសាវាយគូបុរស, វិញ្ញាសាវាយជាក្រុមបុរស និងនារី និងវិញ្ញាសាវាយក្រុមចម្រុះ។

បន្ថែមពីលើនេះ លោក ទេព រិទ្ធិវិទ្ធ ដែលជាអគ្គលេខាធិការសបស់សហព័ន្ធក៏បានបង្ហើបឲ្យដឹងដែរថា លោកទើបតែបានដីមួយកន្លែងនៅខេត្តកែបហើយដីនោះលោកនឹងធ្វើជាទីលានប្រកួតកម្រិតអន្តរជាតិចំនួន ៥នៅទីនោះ។ ជាមួយនឹងការកសាងទីលានកម្រិតអន្តរជាតិនេះសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិបានប្រកាសជួយលោកចំនួន ៥០.០០០ដុល្លារសហរដ្ឋអាមេរិកដើម្បីសាងសង់។ បើតាមការគ្រោងទុក ទីលាននេះធ្វើឲ្យរួចរាល់ដោយចាយអស់ប្រមាណជាង ១០០.០០០ដុល្លារ ហើយលោកនឹងស្វះស្វែរកជំនួយយពីផ្នែកឯកជនដើម្បីកសាងវា។

សូមបញ្ជាក់ថា បន្ទាប់ពីទីលាននេះសាងសង់ហើយនោះការប្រកួតជាលក្ខណៈអន្តរជាតិធំៗមួយចំនួនលោកនឹងលើកយកមកធ្វើនៅខេត្តកែបដែលជាខេត្តមាត់សមុទ្រ និងមានសក្តានុពលទេសចរណ៍ផងដែរនោះ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់