ប្រភេទកីឡាយុទ្ធគុន ARNIS របស់ហ្វីលីពីននឹងបង្ហាញវត្តមាននៅស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩

នូ មករា December 7, 2018


ភ្នំពេញ៖ ប្រភេទកីឡាប្រពៃណីមួយរបស់ហ្វីលីពីននឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នាឆ្នាំ២០១៩ក្នុងខណៈដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនោះ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលទើបតែត្រឡប់មកពីប្រទេសហ្វីលីពីនបានឲ្យដឹងថា ប្រភេទកីឡា ARNIS គឺជាប្រភេទកីឡាយុទ្ធគុនបូរាណរបស់ហ្វីលីពីនដែលគេប្រកួតដោយប្រើ ដំបងខ្លី ពោលគឺវាស្រដៀងគ្នាជាមួយក្បាច់គុនល្បុក្កតោរបស់កម្ពុជាដែរ ហើយគណៈកម្មការស៊ីហ្គេមបានសម្រេចដាក់បញ្ចូលប្រភេទកីឡា ARNIS នេះសម្រាប់ស៊ីហ្គេមឆ្នាំ២០១៩ហើយ។
 
ជាមួយគ្នានេះកម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនីល្បុក្កតោទៅហ្វឹកហាត់ក៏ដូចជាស្វែងយល់ពីបទបញ្ជាប្រកួតរបស់កីឡានេះនៅប្រទេសហ្វីលីពីនតែម្តងព្រោះកម្ពុជាក៏នឹងបញ្ជូនកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតប្រភេទកីឡាARNIS នៅស៊ីហ្គេមឆ្នាំក្រោយដែរ។ ជាមួយនឹងការត្រៀមខ្លួនបែបនេះលោកអគ្គលេខាធិការក៏កំពុងតែសម្លឹងទៅមើលប្រភេទកីឡាមួយចំនួនទៀតដែលមានសក្ដានុពលប៉ុន្តែកន្លងមកមិនទាន់ដណ្ដើមបានមេដាយ ដោយរៀបចំឱ្យពួកគេចេញទៅហ្វឹកហាត់នៅក្រៅប្រទេសបន្ថែមតែម្តង។ សូមបញ្ជាក់ថា ស៊ីហ្គេមឆ្នាំ២០១៩ និង២០២១ គឺជាយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ឆ្នាំ២០២៣ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់