កម្ពុជា នឹងធ្វើម្ចាស់ផ្ទះប្រកួតជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី៥៣នៅឆ្នាំក្រោយ

នូ មករា December 6, 2018


ភ្នំពេញ៖ យោងតាមការប្រកាសរបស់សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានឱ្យដឹងថា សហព័ន្ធកីឡាកាយវប្បកម្មអន្តរជាតិ បានយល់ព្រមប្រគល់សិទ្ធិដល់ព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី៥៣ (The 53rd Asian Bodybuilding & Physique Sports Championships and Congress) នៅរាជធានីភ្នំពេញដោយគ្រោងចាប់ផ្តើមនៅថ្ងៃទី១១ ដល់ថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។

ជាមួយគ្នានេះដែរ កម្ពុជាក៏ទទួលបានការចាប់អារម្មណ៍ព្រមទាំងការផ្តល់កិត្តិយសជាខ្លាំងដោយសារតែ លោក ស៊ីម សុកមង្គលរស្មី ដែលជាប្រធានខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក៏ត្រូវបានតែងតាំងជាអនុប្រធានសហព័ន្ធកីឡាកាយវប្បកម្មអន្តរជាតិ (Asian Bodybuilding & Physique Sports Federation) ឬ ABBA ផងដែរ។

គួររំលឹកថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាក៏ទើបតែទទួលជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី១៥ (15th South East Asian Bodybuilding & Physique Sports Championships and Congress) នៅលើទឹកដីសៀមរាប ដោយក្រុមអត្តពលិកកីឡាកាយវប្បកម្មកម្ពុជា បានសាងកេរ្តិ៍ឈ្មោះជូនជាតិបន្ទាប់ពីដណ្តើមបានមេដាយចំនួន ៩ ក្នុងចំណោមមេដាយលើវិញ្ញាសាទាំង ២០នោះមាន មាស ៤គ្រឿង, ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ២គ្រឿងដែលជាកំណត់ត្រាថ្មីនៅក្នុងនាមជាម្ចាស់ផ្ទះផងដែរ ដោយក្រុមកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី២ នៅពីក្រោយក្រុមថៃដែលឈ្នះបានមេដាយ ១៧គ្រឿង (មាស៧ ប្រាក់៨ និងសំរឹទ្ធ ២) ខណៈដែលក្រុមវៀតណាមឈរនៅលេខ៣ ដោយទទួលបានមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ១​៕

អត្ថបទ៖ មករា

 

 

 

មតិយោបល់