សហព័ន្ធបាល់បោះកម្ពុជា គ្រោងបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅអាមេរិកត្រៀមសុីហ្គេម ២០២៣

នូ មករា December 6, 2018


ភ្នំពេញ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានិងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានជួបពិភាក្សាការងារជាមួយ លោក ចូវ សុខារី ប្រធានសមាគមបាល់បោះកម្ពុជា-អាមេរិក និងបានចុះ អនុស្សាររណៈយោគយល់គ្នាក្នុងការអភិវឌ្ឍកីឡាបាល់បោះកម្ពុជានាយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នៅណាហ្គាវើល។ លោក អ៊ុកសិទ្ធិជាតិ បានមានប្រសាសន៍ថា សហព័ន្ធកីឡាបាល់បោះកម្ពុជានិងសមាគមបាល់បោះកម្ពុជា-អាមេរិកបានចុះអនុស្សាររណៈយោគយល់គ្នាតាំងពីខែតុលាកន្លងមកហើយជួបគ្នានៅពេលនេះដើម្បីពិភាក្សាក្នុងការអភិវឌ្ឍន៍និងពង្រឹងវិស័យកីឡាបាល់បោះកម្ពុជាបន្ថែមទៀតដើម្បីត្រៀមការប្រកួតកីឡា SEA GAMES លើកទី៣ ឆ្នាំ២០២៣ ដែលកម្ពុជាម្ចាស់ផ្ទះនោះ។

លោក អ៊ុក សិទ្ធិជាតិ បានបន្តថាការប្រកួតកីឡា SEA GAMES ឆ្នាំ២០១៧ កន្លងមក ក្រុមបាល់បោះកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៧ ដែលជាលទ្ធផលប្រសើរមួយដែរ។ សូមបញ្ជាក់ដែរថា កាលពីមុនកម្ពុជាទទួលជ្រើសរើសកីឡាករបាល់បោះកូនខ្មែរដែលរស់នៅក្រៅប្រទេសពីប្រទេសអាមេរិក, កាណាដា និងអូស្រ្តាលីដោយខ្លួនឯងប៉ុន្តែនាពេលនេះក្រុមកីឡាករបាល់បោះកូនខ្មែររស់នៅក្រៅប្រទេសដែលចង់លេងឲ្យកម្ពុជាត្រូវទៅចុះឈ្មោះនូវសមាគមបាល់បោះកម្ពុជា-អាមេរិកនេះតែម្តង។

លោកអនុប្រធានបន្ថែមទៀតថា សហព័ន្ធមានគោលបំណងបញ្ជូនក្រុមកីឡាបាល់បោះជម្រើសកម្ពុជាទៅធ្វើការហ្វឹកហាត់នៅអាមេរិកជាមួយសមាគមបាល់បោះកម្ពុជា-អាមេរិកដើម្បីតៀមការប្រកួតកីឡា SEA GAMES លើកទី៣ ឆ្នាំ២០២៣ ចំណែកគោលបំណងទី២ អាចនឹងអញ្ជើញគ្រូបង្វឹកគេមកកម្ពុជាវិញផងដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់