ជើងខ្លាំងកីឡាម៉ូតូទឹកកម្ពុជា ២រូបត្រៀមប្រកួតកម្រិតពិភពលោកនៅថៃសប្តាហ៍នេះ

នូ មករា December 4, 2018


ថៃ៖ នៅចុងសប្ដាហ៍នេះ អត្តពលិកកម្ពុជា២រូប ដែលមាន សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាម៉ូតូទឹក Asian Games និងមិត្តរួមអាជីពរបស់ខ្លួនគឺកីឡាករ ម៉ីន មូសស្ដាន នឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក King Cup –Jet Ski World Cup 2018 នៅតំបន់ឆ្នេរប៉ាតាយ៉ា ប្រទេសថៃដែលនឹងចាប់ផ្តើមពីថ្ងៃទី០៥-០៩ ខែធ្នូចុងសប្ដាហ៍នេះ ។ នេះមិនមែនជាលើកទី១នោះទេដែលអ្នកទាំងពីរបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ពោលគឺពួកគេធ្លាប់បានចូលរួមតាំងពីឆ្នាំ២០០៩ មកម្ល៉េះហើយធ្លាប់ទទួលបានលទ្ធផលល្អជាច្រើនលើកទៀតផង។

ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ King Cup –Jet Ski World Cup ដែលរៀបចំដោយសហព័ន្ធកីឡាម៉ូតូទឹកថៃឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ធំលើសពីការប្រកួតកម្រិតពិភពលោកនៅសហរដ្ឋអាមេរិកដែលកីឡាករកម្ពុជា សាលី អ៊ូមើត ដណ្ដើមបានមេដាយប្រាក់កាលពីពេលថ្មីៗទៅទៀត ដោយសារមានកីឡាករមកពីគ្រប់ទ្វីបជាង ៥០ប្រទេសឯណោះចូលរួម។

លោកបានបន្តថា មូលហេតុដែលលោកសម្រេចដាក់ កីឡាករ សាលី អ៊ូមើត និង ម៉ីន មូសស្ដាន ព្រោះពួកគេជាកីឡាករមានបទពិសោធន៍ច្រើនឆ្នាំស្របពេលបច្ចុប្បន្ន ពួកគេទាំងពីរក៏កំពុងសម្រុកហ្វឹកហាត់នៅលើទឹកដីថៃដើម្បីត្រៀមការប្រកួតដ៏ធំនេះផងដែរ។ អ្វីដែលសំខាន់ឯកឧត្តម ណុះ ស្លេះ បានដាក់ក្ដីសង្ឃឹមខ្ពស់លើពួកគេក្នុងការដណ្ដើមមេដាយជូនជាតិទៀតផង៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់