ជនជាតិអង់គ្លេស មានចំនួនអ្នកចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរឆ្នាំ២០១៨ ច្រើនជាងគេ!

នូ មករា December 3, 2018


សៀមរាប៖ នេះជាលើកទី២ហើយដែលជនជាតិអង់គ្លេសបានរក្សាកំណត់ត្រាអ្នកចូលរួមចំណាត់ថ្នាក់លេខ១ ក្នុងការចូលរួមប្រកួតរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៣ នៅមុខប្រាសាទរអង្គរខេត្តសៀមរាបខណៈដែលលេខ២ បានទៅលើសហរដ្ឋអាមេរិក, លេខ៣គឺ បារាំង, លេខ៤ ប្រទេសជប៉ុន, លេខ៥ អូស្រ្តាលី និងកម្ពុជាមានចំនួនអ្នកចូលរួម ៥,៣០០នាក់ ។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា៖ “ឆ្នាំនេះគណៈកម្មការរៀបចំការប្រកួតទទួលបានអ្នកចូលរួមរត់សរុបចំនួន ១០,៥០០នាក់ ដែលមានការកើន ១៥% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះមានបរទេសចំនួន ៥,២០០នាក់ មកពី ៧៨ប្រទេសដោយកើន ២០% ធៀបនឹងឆ្នាំ២០១៧ ហើយការកើនឡើងចំនួនអ្នករត់ ទាំងភ្ញៀវជាតិ និងអន្ដរជាតិពេលនេះដោយសារកម្ពុជាមានសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ទូទាំងប្រទេស ពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ទើបធ្វើឲ្យព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិធំៗទទួលបានការទាក់ទាញ និងការចូលរួមកាន់តែច្រើនពីភ្ញៀវបរទេសនៅលើពិភពលោក។” ដូច្នេះលោកសង្ឃឹមថា ភ្ញៀវបរទេសទាំងអស់ នឹងវិលត្រឡប់មកចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៤ ជាថ្មីទៀត នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩។
រីឯលទ្ធផលវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្របុរស លេខ១ បានទៅកីឡាករបារាំង Cuzzucoli Valentin , លេខ២ បានទៅកីឡាករជប៉ុន Daisuke Yamauchi និងលេខ៣ បានទៅកីឡាករចិន Chap Manjackey ។ ចំណែករត់ចម្ងាយ ២គីឡូម៉ែត្រផ្នែកនារី លេខ១ កីឡាការិនីអូស្ដ្រាលី Rosel Bec, លេខ២ កីឡាការិនីអៀកឡង់ Maire Nic Amhlacibh និងលេខ៣ កីឡាការិនីអាហ្វ្រិកខាងត្បូង Small Bronuyn ។ រីឯលទ្ធផលផ្នែក ១០គីឡូម៉ែត្របុរស លេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា, លេខ២ កីឡាករកម្ពុជា ជា សម្ភស្ស និងលេខ៣ កីឡាករអូស្ដ្រាលី Happell James ស្របពេលផ្នែកនារី លេខ១ កីឡាការិនីអង់គ្លេស Clarke Lyndsay, លេខ២ កីឡាការិនីជប៉ុន Watanabe Chiharu និងលេខ៣ កីឡាការិនីបារាំង Geyercarles Maeva ។ លើសពីនេះ ក៏មានការរត់ចម្ងាយ ២១គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រជនពិការ រួមទាំងប្រណាំងរទេះជនពិការអបអរសាទរព្រឹត្តិការណ៍អន្ដរជាតិនេះផងដែរ។
 

គួរបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរនេះ មាន ៣វិញ្ញាសាត្រូវរត់ រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់លក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រ ។ គោលបំណងសំខាន់ៗ នៃការរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ គឺដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា ហើយក៏ផ្សាភ្ជាប់នឹងការងារសង្គមផងដែរ ដោយថវិកាទទួលបានពីការរៀបចំនឹងត្រូវបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ កាកបាទក្រហមកម្ពុជា មណ្ឌលកុមារកំព្រា និងជនពិការដោយគ្រាប់មីនផងដែរ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់