ឆ្នាំនេះក្រុមចំបាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគ្រងតំណែងជើងឯកដោយឈ្នះមេដាយច្រើនជាងគេ

នូ មករា November 29, 2018


ភ្នំពេញ៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកជាតិឆ្នាំ២០១៨បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកាម្សិលមិញនេះនៅអគារចំបាប់ក្នុងពហុកីឡដ្ឋានជាតិ។ ការប្រកួតឆ្នាំនេះក្រុមកីឡាចំបាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដណ្តើមបានមេដាយច្រើនជាងគេពោលគឺឈ្នះមេដាយចំនួន១៤គ្រឿង រួមមានមេដាយមាស៦គ្រឿង ប្រាក់៦គ្រឿងនិងសំរឹទ្ធ២គ្រឿង ចំណែកក្រសួងមហាផ្ទៃដណ្តើមបានមេដាយ១៤គ្រឿង ក្នុងនោះមេដាយមាស៦គ្រឿង ប្រាក់៥គ្រឿង និងសំរឹទ្ធ៣គ្រឿង ខណៈដែលក្លិបក្លិបម៉ឺនឯក (កណ្តាល) ដណ្តើមបានមេដាយ៩គ្រឿងរួមមាន មេដាយមាស៣គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ៤គ្រឿង។

រីឯក្លិបយាយព្រីងមានរិទ្ធ (ខេត្តកំពង់ឆ្នាំង) ដណ្តើមបានមេដាយ៧គ្រឿង រួមមានមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៥គ្រឿង, ក្លិបរិទ្ធិសែន(ខេត្តកំពង់ឆ្នាំង) ដណ្តើមបានមេដាយ៤គ្រឿង មានមេដាយមាស១គ្រឿង និងសំរឹទ្ធ៣គ្រឿង, ខេត្តព្រៃវែងដណ្តើមបានមេដាយ៩គ្រឿង ក្នុងនោះមេដាយប្រាក់៤គ្រឿង និងសំរឹទ្ធ៥គ្រឿង និងខេត្តពោធិ៍សាត់ទទួលបានមេដាយសំរឹទ្ធ២គ្រឿង។ 
 
លោក Casey Barnett អនុប្រធានសហព័ន្ធបានឲ្យដឹងថា សម្រាប់ការប្រកួតជើងឯកជាតិឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន១១៩រូបក្នុងនោះមានកីឡាករ ៨៨នាក់និងកីឡាការិនី ២០ នាក់មកពីក្លិបចំនួន ៨ ជាមួយគ្នានេះលោកបានឧបត្ថម្ភដល់ក្រុមជើងឯកចំនួន ៣៥០ដុល្លារ, ក្រុមជើងឯករងចំនួន២៥០ដុល្លារនិងក្រុមជាប់ចំណាត់លេខ៣ចំនួន១៥០ដុល្លារផងដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់