ឧកញ៉ា សៀ ឬទ្ធី ក្លាយជាប្រធានសហព័ន្ធកីឡាវាយកូនបាល់ និងប្រកាសឧបត្ថម្ភ ១០០លានរៀលរាល់ឆ្នាំ

នូ មករា November 27, 2018


ភ្នំពេញ៖ លោកឧកញ៉ា សៀ ឬទ្ធី បានក្លាយជាប្រមុខដឹកនាំថ្មីរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាតាមរយៈមហាសន្និបាតនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះសម្រាប់អាណត្តិទី៦ឆ្នាំ២០១៨-២០២២ ចំណែកប្រមុខដឹកនាំចាស់គឹ លោក ចម ប្រសិទ្ធ បានប្រកាសដកខ្លួនមកធ្វើជាប្រធានកិត្តិយសវិញដោយសារលោកមិនសូវមានពេលវេលាគ្រប់គ្រាន់ហើយម្យ៉ងទៀតលោកចង់បានអ្នកមានធនធានច្រើននិងពូកែស្វែងរកអ្នកឧបត្ថម្ភដើម្បីជួយសហព័ន្ធមួយនេះជាបន្តទៀត ។
 
លោកឧកញ៉ា សៀ ឬទ្ធី បានទទួលការគាំទ្រចំនួន១៣សម្លេងក្នុងចំណោមអ្នកមានសិទ្ធចូលរួមបោះឆ្នោតចំនួន១៥រូបនោះ ខណៈអ្នកស្រីឧត្តមសេនីយ៍ទោ ស៊ុ សុខា បានជាប់ឆ្នោតជាអនុប្រធានសហព័ន្ធដោយបានទទួលការគាំទ្រ១៣សម្លេងដែរ។ លោក ទេព រិទ្ធិវិទ្ធ ដែលជាអគ្គលេខាធិការចាស់នៅរក្សាតំណែងជាអគ្គលេខាធិការបន្តមួយអាណត្តិទៀតដោយបានទទួលសម្លេងគាំទ្រចំនួន១៥សម្លេង ចំណែកលោក ជា ពៅ ដែលបាន១៥សម្លេងដែរនោះជាអគ្គលេខាធិការរង ចំពោះកញ្ញា ឯក ប៊ុន លក្ខិណា ដែលបានទទួលការគាំទ្រ១៥សម្លេងដែរនោះនៅរក្សាតំណែងជាអគ្គហិរញ្ញិក ។
 
ទន្ទឹមនឹងនេះ លោកឧកញ៉ា សៀ ឬទ្ធី បានប្រកាសសុំឲ្យគ្រួសារកីឡាវាយកូនបាល់បើកបេះដូងឲ្យទូលាយធ្វើការជាមួយគ្នាដោយតម្លាភាព ស្មោះត្រង់ ហ៊ានគោះទ្វារនិយាយជាមួយគ្នាត្រង់ទៅត្រង់មក កុំបង្កើតឲ្យមានជាបក្សពួកក្នុងសហព័ន្ធហើយជាមួយគ្នានេះលោកបានប្រកាសថាមួយឆ្នាំៗលោកនឹងជួយឧបត្ថម្ភដល់សហព័ន្ធនូវថវិកាចំនួន១០០លានរៀល ។
ជាមួយគ្នានេះ លោក ចម ប្រសិទ្ធ បានអះអាងថា តាំងពីកម្ពុជាចាប់ផ្ដើមមានកីឡាវាយកូនបាល់មក កម្ពុជាមិនដែលបានឡើងទៅចូលរួមលេងក្នុងព្រឹត្តិការណ៍ពិភពលោក Davis Cupឡើយ ទើបតែយុគសម័យតេជោសែននេះទេដែលកម្ពុជាមានចំណាត់ថ្នាក់ពិភពលោក (World Ranking) និងចូលរួមក្នុងព្រឹត្តិការណ៍ Davis Cup ។ ជាមួយនឹងការលាលែងនេះ លោក ចម ប្រសិទ្ធ មានជំនៀចិត្តថាលោកឧកញ៉ា សៀ ឬទ្ធីនឹងធ្វើឲ្យកីឡាវាយកូនបាល់កម្ពុជារីកចម្រើនពិសេសដណ្ដើមបានមេដាយមាសនៅឆ្នាំ២០២៣ព្រោះពេលនេះកម្ពុជាធ្លាប់បានមេដាយសំរិទ្ធពីស៊ីហ្គេមហើយ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់