កម្ពុជារឹតតែល្បី ក្រោយ ស្រួង ភាវី ឈ្នះជើងឯកស្នូកឃ័រអាស៊ីកាលពីម្សិលមិញ!

នូ មករា November 27, 2018


ភ្នំពេញ៖ កាលពីយប់ម្សិលមិញនេះនៅទីសាធារណរដ្ឋកូរ៉េទង់ជាតិខ្មែរត្រូវបានបង្ហូតឡើងនៅចំណុចកំពូលទី១ នៃព្រឹត្តិការណ៍ប្រកួតកីឡាស្នូកឃ័រ The 1st Asian Championship Ladies 3-Cushion 2018 ដែលធ្វើឱ្យមុខមាត់ប្រទេសកម្ពុជាកាន់តែល្បីនៅឆាកអន្តរជាតិបន្ទាប់ពីកីឡាការិនី ស្រួង ភាវី ប្រឹងប្រែងយកមេដាយមាសមកផ្ទួនៗមកកម្ពុជា។ នេះគឺជាលើកទី១ ហើយដែលសហព័ន្ធកីឡាស្នូកឃ័រ និងប៊ីយ៉ាអាស៊ី រៀបចំព្រឹត្តិការណ៍ជើងឯកអាស៊ីផ្នែកនារីនេះឡើងក្រោយមើលឃើញពីភាពរីកចម្រើននិងកំណើនកីឡាការិនីលេងកីឡាស្នូកឃ័រ និងប៊ីយ៉ានោះ ។
 

ការប្រកួតនេះមានកីឡាការិនី ១៦នាក់មកពី ៣ប្រទេសចូលរួមក្នុងនោះម្ចាស់ផ្ទះកូរ៉េមាន ៩នាក់, ជប៉ុន ៦នាក់ និងកម្ពុជាមានតែម្នាក់គត់ តែកីឡាការិនី ស្រួង ភាវី ដែលបានផ្ដួលគូប្រកួតជាបន្ដបន្ទាប់ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រជួបកីឡាការិនីម្ចាស់ផ្ទះកូរ៉េហើយបានយកឈ្នះក្នុងពិន្ទុ ៣០-២២ ដើម្បីឈ្នះជើងឯកតែម្ដង។ យ៉ាងណាក៏ដៅយ នេះមិនមែនជាលើកទី១ នោះទេដែលស្ដ្រីខ្មែរនិងមានស្វាមីជាជនជាតិកូរ៉េ ស្រួង ភាវី ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ ពោលគឺលោកស្រីធ្លាប់ដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើនគ្រឿងមកហើយជាក់ស្ដែងកាលពីចុងខែកញ្ញាកន្លងទៅ លោកស្រីក៏ទើបដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងក្នុងការប្រកួតកីឡាស្នូកឃ័រជ្រើសរើសជើងឯកពិភពលោកនៅប្រទេសទួកគីផងដែរ ។

 

អ្វីដែលគួរកត់សម្គាល់នោះគឺ ភាវី បានធ្វើឲ្យអ្នកនិយមលេងកីឡាស្នូកឃ័រជុំវិញពិភពលោកមានការភ្ញាក់ផ្អើលនិងកោតសរសើរមិនដាច់ពីមាត់ឡើយចំពោះសមត្ថភាពក៏ដូចជាទេពកោសល្យរបស់លោកស្រី។ ម្ចាស់មេដាយសំរឹទ្ធពិភពលោករូបនេះបន្តទៀតថា៖ “នាងខ្ញុំពិតជាសប្បាយរីករាយជាខ្លាំងចំពោះការដណ្ដើមបានជើងឯកអាស៊ីពេលនេះព្រោះជាបំណងប្រាថ្នាតាំងពីយូរមកហើយក្នុងការប៉ងដណ្ដើមជើងឯកអាស៊ីជូនប្រទេសកម្ពុជា។”

 

កីឡាការិនីរូបនេះបានបន្ថែមថា៖ «ជោគជ័យនេះគឺជាកត្ដារុញច្រាននិងលើកទឹកចិត្តខ្ញុំឲ្យកាន់តែខិតខំបន្ថែមទៀតដើម្បីបន្ដចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាក្នុងនាមកីឡាការិនីជម្រើសជាតិកម្ពុជា។ ចំពោះការប្រកួតនេះទោះបីមានប្រទេសចូលរួមតិចក្ដីតែវាគឺជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិហើយខ្ញុំសង្ឃឹមថាការប្រកួតក្រោយៗនឹងមានការចូលរួមកាន់តែច្រើន ពិសេសខ្ញុំចង់ឃើញកីឡាការិនីខ្មែរមានវត្តមានច្រើនក្នុងព្រឹត្តិការណ៍នេះហើយខ្ញុំក៏ត្រៀមខ្លួនជួយជំរុញនិងលើកទឹកចិត្តដល់កីឡាការិនីខ្មែរដូចគ្នាផងដែរ» ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់