ផ្លូវការ! SEA Games 2019 មាន ៥៦ប្រភេទកីឡា ខណៈកម្ពុជាអាចឈ្នះមេដាយច្រើនជាងមុន

នូ មករា November 26, 2018


ហ្វីលីពីន៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍តាមសារអេឡិចត្រូនិកពីប្រទេសហ្វីលីពីនដែលជាម្ចាស់ផ្ទះ SEA Games លើកទី៣០ថា តំណាងគណៈកម្មាធិការជាតិនៃប្រទេសក្នុងតំបន់បានសម្រេចចុងក្រោយដោយដាក់ជាផ្លូវការនូវកីឡាចំនួន ៥៦ ប្រភេទកីឡាសម្រាប់ការប្រកួតកីឡា SEA Games 2019  ខាងមុខ។

លោក អគ្គលេខាធិការបន្ថែមទៀតថា ក្រោយនៃកិច្ចប្រជុំចុងក្រោយត្រៀម SEA Games លើកទី៣០ ឆ្នាំ២០១៩ នៅទីក្រុងម៉ានីលឡា ប្រទេសហ្វីលីពីន ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃ២៤ ខែវិច្ឆិកា ២០១៨នេះក្នុងនោះក៏មានប្រភេទកីឡាដែលកម្ពុជាស្នើសុំគឺជាប្រភេទកីឡាមានសក្តានុពលត្រូវបានសម្រេចដាក់បញ្ចូលរួចដែរដូចជា តេក្វាន់ដូ ប៉េតង់ វ៉ូវីណាម Jujutsu, Billiards snooker, Soft Tennis វាយកូនបាល់ និងប្រភេទកីឡាបាល់ទាត់កម្ពុជា U22 ។

លោក វ៉ាត់ ចំរើន បានបន្ថែមថា ចំពោះវិញាសានៃប្រភេទកីឡាទាំងនេះម្ចាស់ផ្ទះចេញប្រកាសជាផ្លូការថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខដោយយកមូលដ្នាននៃការស្នើសុំពីតំណាងគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ក្នុងកិច្ចប្រជុំពេលនេះ។ សម្រាប់ថ្ងៃបើកជាផ្លូវការ SEA Games 2019 នេះធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា និងបិទថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ លោកបានអះអាងថា តាមអនុសាសន៍ចង្អុលបង្ហាញពីលោកបណ្ឌិត ថោង ខុនប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺកំណត់យក SEA Games 2019 និង SEA Games 2021 នៅហាណូយគឺជា Games យុទ្ធសាស្រ្តសម្រាប់វាយតម្លៃគុណផលកីឡា (Performance) គ្រប់ប្រភេទកីឡារបស់កម្ពុជាឆ្ពោះទៅជោគជ័យ SEA Games 2023៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់