សហព័ន្ធយូដូ អនុវត្តន៍កំណែទម្រង់ធំៗត្រៀមពង្រឹងធនធានឆ្ពោះទៅសុីហ្គេមឆ្នាំ២០២៣

នូ មករា November 26, 2018


ភ្នំពេញ៖ បន្ទាប់ពីរុះរើនិងកំណែទម្រង់សហព័ន្ធរួចរាល់អស់រយៈពេលជាតិ១ឆ្នាំមកនោះ សហព័ន្ធកីឡាយូដូកម្ពុជា បានអភិវឌ្ឍន៍បច្ចេកទេសនិងសមត្ថភាពខ្លាំងឡើងៗហើយក៏គ្រោងរៀបចំការតែងតាំងនូវសមាជិកប្រតិបត្តិជាន់ខ្ពស់៣រូបបន្ថែមទៀត តែមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយនោះទេ។
ជាមួយនឹងកំណែរទម្រង់ដ៏ល្អមួយនេះ ប្រធានខេមរៈសហព័ន្ធកីឡាយូដូ លោក ហេង លី បានឱ្យដឹងថា សមាសភាពមន្រ្តីសមាជិកប្រតិបត្តិជាន់ខ្ពស់៣រូបដែលខេមរៈសហព័ន្ធយូដូ គ្រោងនឹងប្រកាសតែងតាំងនៅពេលខាងនេះមានឧត្តមសេនីយ៍ឯក ជា ប៊ុនហេង, លោក ជា វិចិត្រ និងលោក សុង ម៉ូរិទ្ធិត្យា។
ចំពោះការប្រកាសតែងតាំងសមាជិកប្រតិបត្តិជាន់ខ្ពស់ចំនួន៣រូបបន្ថែមទៀតនេះគឺដើម្បីជួយជំរុញដឹកនាំអភិវឌ្ឍន៍កីឡាយូដូឆ្ពោះទៅរកការប្រកួតប្រជែងដោយគុណភាពទាំងឆាកជាតិ និងអន្តរជាតិ។ ក្រៅពីការតែងតាំងសមាជិកប្រតិបត្តិសំខាន់ៗទាំងនេះសហព័ន្ធមានគម្រោងកែទម្រង់ជាច្រើនទៀតដូចជាការដំឡើងខ្សែក្រវាត់ជូនគ្រូចាស់ដើម្បីលើកទឹកចិត្តនិងការដំឡើងខ្សែក្រវាត់ជូនយុវជននៅតាមក្លិបឲ្យមានកម្រិតស្តង់ដាពិសេសទៀតនោះគឺគម្រោងអភិវឌ្ឍន៍ធនធានត្រៀមស៊ីហ្គេមឆ្នាំ២០២៣តែម្តង៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់