ការប្រកួតកីឡាចំបាប់បុរាណ-សម័យជើងឯកជាតិឆ្នាំនេះមានអ្នកចូលរួម១១៩នាក់

នូ មករា November 26, 2018


ភ្នំពេញ៖ ការប្រកួតកីឡាចំបាប់បុរាណសម័យជ្រើសរើសជើងឯកជាតិឆ្នាំ២០១៨បានចាប់ផ្ដើមហើយកាលពីថ្ងៃទី២៥ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។ ការប្រកួតនេះរៀបចំដោយសហព័ន្ធកីឡាចំបាប់កម្ពុជាក្រោមថវិការបស់ក្រសួងអប់រំយុវជន និងកីឡាដែលមានកីឡាករ-កីឡាការិនីចូលរួមចំនួន១១៩នាក់។
លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឲ្យដឹងថា សម្រាប់ការប្រកួតជើងឯកជាតិឆ្នាំនេះមាន កីឡាករ-កីឡាការិនីចូលរួមចំនួន១១៩រូប ក្នុងនោះមានកីឡាករ ៨៨នាក់ និងកីឡាការិនី ២០នាក់មកពីក្លិបចំនួន ៨ មានដូចជា៖ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, យាយព្រីងមានរិទ្ធិ, រិទ្ធីសែនខេត្តកំពង់ឆ្នាំង, ឃ្លាំងមឿងខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, បារមីម៉ឺនឯក និងក្លិបប្រយ៉ាបមានរិទ្ធិ។

លោកអគ្គលេខាធិការបានបន្តថា សហព័ន្ធកីឡាចំបាប់កម្ពុជាបានបន្ថែមវិញ្ញាសាប្រកួតចំបាប់សម័យនារីលើទម្ងន់ ៥៣គីឡូក្រាម និងទម្ងន់សេរី (Open) ដែលធ្វើឲ្យការប្រកួតទាំងចំបាប់បុរាណ (បុរស-នារី) ចំបាប់សម័យសេរី (បុរស-នារី) និងចំបាប់ក្រិចកូរ៉ូម៉ាំង (បុរស) នៅឆ្នាំនេះមានចំនួនសរុប ១៨ វិញ្ញាសា។ សូមបញ្ជាក់ថា ការប្រកួតថ្នាក់ជាតិនេះត្រូវចំណាយថវិកាប្រមាណជា ៦០ លានរៀល ប៉ុន្តែកញ្ចប់ថវិការបស់ក្រសួងអប់រំ មានត្រឹម ៣៦ លានរៀលទេ ដូច្នេះការចំណាយបន្ថែមគឺបានមកពី លោក Casey Barnett ដែលជាអនុប្រធានសហព័ន្ធផ្ទាល់៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់