ចៅក្រមកាយសម្ព័ន្ធចំនួន៣០រូបបានទទួលការបំប៉នសមត្ថភាពបន្ថែមត្រៀមការប្រកួតធំៗ

មាស សុផាណារ៉ុង November 24, 2018


ភ្នំពេញ៖ ក្នុងខណៈដែលការប្រកួតជើងឯកជាតិ និងការប្រកួតដណ្ដើមពានរង្វាន់ លោក ថោង ខុន លើកទី២បានចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា នោះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាក៏បានបើកវគ្គបំប៉នដល់ចៅក្រមរបស់ខ្លួនចំនួន៣០រូបដោយមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៤ និង២៥ ខែវិច្ឆិកា។ ថ្លែងនៅក្នុងឱកាសបើកវគ្គនោះ លោក ណយ ផាណា ដែលជាអគ្គលេខាធិការសហព័ន្ធបញ្ជាក់ថានេះមិនមែន ជាវគ្គមួយដែលបើកឡើងគ្រាន់តែល្អមើលនោះទេតែជាវគ្គមួយដើម្បីពង្រឹងសមត្ថភាពចៅក្រមដែលកាន់តែធ្វើឲ្យការ ប្រកួតមានគុណភាពប្រសើរ។ មិនតែប៉ុណ្ណោះនេះក៏ជាការបំពេញបន្ថែមនូវបម្រែបម្រួលនៃបទបញ្ជាប្រកួតដែល សហព័ន្ធអន្តរជាតិទើបនឹងកែប្រែ។ វគ្គនេះឧទ្ទេសនាមដោយលោកអគ្គលេខាធិការ ណយ ផាណា និងអាជ្ញាកណ្ដាលចៅក្រមអន្តរជាតិរបស់កម្ពុជា គឺលោក សោ សុផេង និងលោក វាស សារិទ្ធ។

សូមបញ្ជាក់ថា ការប្រកួតជើងឯកជាតិឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន៧៤រូបដែលក្នុងនោះកីឡា ការិនីចំនួន៣៦រូប។ សម្រាប់កីឡាកាយសម្ព័ន្ធអាទីស្ទិក (Gymnastic Artistic) មានចំនួន៨វិញ្ញាសាគឺប្រកួតជាក្រុម៦ នាក់ សរុបឧបករណ៍ទាំង៦គឺកម្រាល សេះលោត សេះកង របារស្របកង និង របារនឹង។ ឧបករណ៍ជំនាញបុរស (សេះលោត) ឧបករណ៍ជំនាញ (សេះកង) ឧបករណ៍ជំនាញកម្រាល ឧបករណ៍ជំនាញកង ឧបករណ៍ជំនាញរបារស្រប និង ឧបករណ៍ជំនាញរបារនឹង។ កាយសម្ព័ន្ធអាអេរ៉ូប៊ិក (Gymnastic Aerobic) មាន៥វិញ្ញាសាគឺអាអេរ៉ូប៊ិកឯកត្តជនបុរស-នារី អាអេរ៉ូប៊ិកគូ ចម្រុះបុរស-នារី (Mix Pair) អាអេរ៉ូប៊ិកទ្រីយ៉ូ (Trio) បុរស-នារី និងអាអេរ៉ូប៊ិកក្រុម៥នាក់។

លោកអគ្គលេខាធិការសហព័ន្ធបានប្រកាសជាសាធារណៈថាការប្រកួតឆ្នាំនេះលោកប្រធានសហព័ន្ធ ថោង ខុន បានតម្លើងប្រាក់រង្វាន់ជ័យលាភីបន្ថែមពីលើប្រាក់រង្វាន់របស់ក្រសួងអប់រំយុវជន និង កីឡា ដោយមេដាយមាស ទទួលបានរង្វាន់ ៥០០.០០០រៀល មេដាយប្រាក់ ៤០០.០០០រៀល និងមេដាយសំរិទ្ធ ៣០០.០០០រៀល។ ជាមួយ គ្នានេះសម្រាប់គណៈកម្មការបច្ចេកទេសបានទទួលប្រាក់ការងារប្រចាំថ្ងៃដោយមួយថ្ងៃបាន២០ដុល្លារអាមេរិក។ សូមបញ្ជាក់ថាបណ្ដាឆ្នាំកន្លងមកប្រាក់សម្រាប់មន្ត្រីបច្ចេកទេសបានត្រឹម១៥ដុល្លារប៉ុណ្ណោះ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់