តេក្វាន់ដូ WTF ចាប់ផ្តើមបើកការប្រកួតជើងឯកថ្នាល “Hope 2023”

មាស សុផាណារ៉ុង November 24, 2018


ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) ចាប់ផ្តើមបើកការប្រកួតថ្នាលជើងឯកថ្នាក់ជាតិ “Hope 2023” នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៨ ខែធ្នូ ២០១៨ ដើម្បីជ្រើសរើសយកកីឡាករ-កីឡាការិនីឆ្នើមចូលក្រុមជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត។

ការប្រកួតជារៀងរាល់ថ្ងៃសុក្រ ពេលល្ងាចសម្រាប់ការប្រកួតនាពេលនេះមានយុវជន-យុវតី ក្នុងវិញ្ញាសាប្រយុទ្ធ ចាប់ពីអាយុ១៤-១៧ឆ្នាំ ចំពោះបុរស ក្នុងប្រភេទទម្ងន់ក្រោម៤៨គីឡូក្រាម ក្រោម៥៥គីឡូក្រាម និងនារីក្នុងប្រភេទទម្ងន់ក្រោម៤៤គីឡូក្រាម ក្រោម៤៩គីឡូក្រាម នេះបើតាមការលើកឡើងរបស់ លោក Choi Yong Sok គ្រូបង្វឹកជម្រើសជាតិ និងជាប្រធានគណៈកម្មការប្រកួត។ លោកបានបន្តថា ការប្រកួតនៅសប្តាហ៍ក្រោយថ្ងៃសុក្រទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងវិញ្ញាសាប្រយុទ្ធចាប់ពីអាយុ១៤-១៧ឆ្នាំ ចំពោះបុរស ក្នុងប្រភេទទម្ងន់ក្រោម៦៣គីឡូក្រាម ក្រោម៧៣គីឡូក្រាម និង ៧៣គីឡូក្រាម រីឯនារីក្នុងប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម ក្រោម៦៣ឡូក្រាម និង៦៣គីឡូក្រាម។

 

លោក Choi Yong Sok បានបញ្ជាក់ថា ការប្រកួតនេះយើងអនុញ្ញាតកីឡាករ-កីឡាការិនី ដែលមានកម្រិតខ្សែក្រវ៉ាត់ក្រហមឡើងទៅ ហើយកីឡាករ-កីឡាការិនី ម្នាក់មានសិទ្ធិប្រកួតបានតែវិញ្ញាសាមួយប៉ុណ្ណោះ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់