ក្រសួងអប់រំដាក់បញ្ចូលការប្រណាំងទូក និងគុនខ្មែរប្រពៃណីទៅក្នុងផែនការកីឡាអាស៊ានឆ្នាំ២០១៦-២០២០

មាស សុផាណារ៉ុង November 23, 2018


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការប្រណាំងទូកប្រពៃណីនិងគុនខ្មែរដោយមានការចូលរួមពីប្រទេសក្នុងតំបន់អាស៊ាន នៅអគ្គលេខាធិការដ្ឋានអាស៊ានដែលសិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ។ លោក ស សុខា បានមានប្រសាសន៍ថាដើម្បីជំរុញការអភិឌ្ឍន៍លើអនុវិស័យកីឡានិងអភិរក្សកីឡាប្រពៃណីឲ្យបានគង់វង្សក្រសួងអប់រំយុវជន និងកីឡា បានសម្រេចដាក់បញ្ចូលកីឡាប្រពៃណីរបស់ខ្លួនទៅក្នុងផែនការកីឡាអាស៊ានរយៈពេល៥ឆ្នាំពោលគឺពីឆ្នាំ២០១៦-២០២០ ក្នុងនោះមានការប្រណាំងទូកប្រពៃណីនិងប្រដាល់គុនខ្មែរ។ គួររំលឹកថា ផ្អែកលើស្មារតីអង្គប្រជុំថ្នាក់រដ្ឋមន្ត្រីកីឡាអាស៊ានកាលពីឆ្នាំ២០១៧នៅប្រទេសមីយ៉ាន់ម៉ាបានកំណត់ថា ប្រទេសនីមួយៗត្រូវអភិរក្សនិងផ្សព្វផ្សាយពីកីឡាប្រពៃណីរបស់ខ្លួនដល់ប្រទេសសមាជិកផ្សេងៗទៀត ។

 

លោក ស សុខា បានបន្តថា ក្នុងការអនុវត្តផែនការកីឡាខាងលើនិងដើម្បីផ្សព្វផ្សាយចែករំលែកអំពីកីឡាប្រពៃណីដល់សមាជិកអាស៊ាននានា ក្រសួងបានអញ្ជើញតំណាងប្រទេសអាស៊ានព្រមទាំងជប៉ុនចូលរួមសិក្ខាសាលាស្តីពីការប្រណាំងទូកប្រពៃណី និងគុនខ្មែរដើម្បីឲ្យប្រទេសអាស៊ានចូលរួមស្វែងយល់និងវាយតម្លៃដល់កីឡាទាំងពីរនេះ។ ក្រៅពីការផ្សព្វផ្សាយរូបភាពកីឡា ក្រសួងអប់រំយុវជននិងកីឡា ក៏មានគោលបំណងផ្សព្វផ្សាយឲ្យអាស៊ានទាំងមូលបានយល់ដឹងបន្ថែមពីការប្រារព្ធពិធីនេះដែលមានប្រវត្តិទាក់ទងទៅនឹងជ័យជម្នះនៃកងទ័ពជើងទឹកម្ពុជា (កងទ័ពទូក) នៅសម័យអង្គរផងដែរ។

ចំពោះការប្រណាំងទូកក្រសួងអប់រំបានជ្រើសយកពេលវេលានេះគឺចង់ឲ្យប្រទេសអាស៊ានមើលឃើញទិដ្ឋភាពជាក់ស្តែង និងប្រជាប្រិយភាពនៃការប្រណាំងទូកនៅកម្ពុជាហើយក្រសួងសង្ឃឹមថា កីឡាប្រណាំងទូក និងគុនខ្មែរនេះនឹងបានជ្រាបទៅដល់ប្រទេសអាស៊ានផ្សេងទៀតបានកាន់តែឆាប់ក្នុងពេលអនាគតដ៏ខ្លីខាងមុខហើយបណ្តាប្រទេសទាំងនេះនឹងនាំយកសកម្មភាពកីឡាប្រពៃណីនេះទៅអនុវត្តន៍នៅក្នុងប្រទេសរបស់ខ្លួនថែមទៀតផង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់