ប្រមុខតេក្វាន់ដូ WTF ពិភពលោកមកដល់កម្ពុជាម្សិលមិញដើម្បីជួយពង្រឹងវិស័យកីឡាមួួយនេះ

នូ មករា November 9, 2018


ភ្នំពេញ៖ លោក CHUNGWON CHOUE ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WTF (World Taekwondo Federation) ពិភពលោកបានមកដល់កម្ពុជាហើយកាលពីពាក់កណ្ដាលអាធ្រាតថ្ងៃទី៨ ខែវិច្ឆិកា ។ លោក ជ្រិន សុធា អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូបានអញ្ជើញទៅស្វាគមន៍ចំពោះដំណើរមកដល់របស់ប្រមុខតេក្វាន់ដូរូបនេះដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
តាមការគ្រោងទុកលោកនឹងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល៤ថ្ងៃគឺពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ហើយលោកនឹងចូលសម្តែងការគួរសមជាមួយប្រមុខអូឡាំពិកកម្ពុជាគឺ លោក ថោង ខុន ក៏ដូចជាចូលរួមទស្សនាការប្រកួតជើងឯកជាតិប្រចាំឆ្នាំ២០១៨ នាពហុកីឡដ្ឋាន ជាតិអូឡាំពិក ព្រមទាំងជួបប្រាស្រ័យជាមួយមន្ត្រីតេក្វាន់ដូនានារបស់កម្ពុជាផងដែរ ។ លោក ជ្រិន សុធា បានមានប្រសាសន៍ថា ក្នុងនាមខេមរសហព័ន្ធតេក្វាន់និងរូបលោកផ្ទាល់ សូមថ្លែងអំណរគុណដល់ លោក CHUNG WON CHOUE ប្រធានសហព័ន្ធកីឡាតេក្វាន់ដូពិភពលោកក្នុងដំណើរទស្សនាកិច្ចនៅកម្ពុជាដើម្បីជួយពង្រឹងលើវិស័យតេក្វាន់ដូនៅកម្ពុជា ។
លោកបានបន្តថា សាធារណរដ្ឋកូរ៉េតែងតែទទួលយកកីឡាករកីឡាការិនីតេក្វាន់ដូនៅកម្ពុជាទៅធ្វើការហ្វឹកហាត់នៅប្រទេសរបស់ខ្លួនដើម្បីត្រៀមការប្រកួតលើឆាកអន្តរជាតិនានា ។ លោកបានបន្តថា រាល់ការចេញទៅប្រកួតព្រឹត្តិការណ៍ធំៗដូចជាការប្រកួតកីឡាអូឡាំពិក ការប្រកួតជើងឯកកម្រិតពិភពលោក ការប្រកួតជើងឯកអាស៊ី ការប្រកួតកីឡា SEA GAMES ការប្រកួតជើងឯកអាស៊ីអាគ្នយ៍ជាដើមសហព័ន្ធតែងតែស្នើសុំបញ្ជូនទៅធ្វើការបំប៉នបច្ចេកទេសនៅប្រទេសកូរ៉េខាងត្បូងជានិច្ច ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់