លេខ២ នៅអាសុី! វ៉ូវីណាមកម្ពុជា បង្ហាញភាពខ្លាំងទោះចូលរួមប្រកួតជើងឯកប្រចាំទ្វីបជាលើកដំបូង!

នូ មករា November 9, 2018


ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាដណ្ដើមបានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតជើងឯកអាស៊ីលើកទី៤ដែលទើបតែនឹងបញ្ចប់ទៅកាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅ ។ ក្រុមកម្ពុជាបានត្រលប់មកដល់រាជធានីភ្នំពេញវិញដោយមានការទទួលស្វាគមន៍ពីសំណាក់ លោក ហ៊ុន សាមុត ប្រធាននាយដ្ឋានអប់រំកាយ និងកីឡា រួមជាមួយ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកអាស៊ីលើកនេះគឺជាលើកទី៤ហើយ ប៉ុន្តែកម្ពុជាទើបតែចូលរួមជាលើកដំបូងប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមកម្ពុជាបានបង្ហាញភាពខ្លាំងរបស់ខ្លួនដោយដណ្ដើមបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបណ្តាប្រទេសទាំងអស់ពោលគឺនៅពីក្រោយប្រទេសវៀតណាមដែលជាម្ចាស់ក្បាច់គុនផ្ទាល់ បន្ទាប់ពីកម្ពុជាដណ្ដើមបានមេដាយមាសចំនួន១១គ្រឿង  មេដាយប្រាក់ចំនួន១១គ្រឿង និងមេដាយសំរឹទ្ធចំនួន១៤គ្រឿងរួចមក ។
ថ្លែងប្រាប់បណ្ដាញសារពត៌មានក្នុងស្រុកនៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានអះអាងថា បន្ទាប់ពីបានមេដាយបែបនេះកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាត្រូវតែពង្រឹការហ្វឹកហាត់បន្ថែមទៀតដើម្បីរក្សាឲ្យបាននូវចំណាត់ថ្នាក់ដ៏ល្អរបស់ខ្លួននៅក្នុងទ្វីបអាស៊ីក៏ដូចជាក្នុងតំបន់ និងពិភពលោក ។ លោកបានបញ្ជាក់ដែរថា វៀតណាមបានមេដាយមាសចំនួន១៣គ្រឿងគឺលើកម្ពុជា២គ្រឿប រីឯមីយ៉ាន់ម៉ាបានមេដាយមាស១១គ្រឿងស្មើកម្ពុជាដែរប៉ុន្តែចាញ់ចំនួនមេដាយប្រាក់របស់កម្ពុជា ។
លោក ប៉ុន សុខ ដែលជាអ្នកគ្រប់គ្រងកីឡាជម្រើសជាតិបានថ្លែងដែរថា រង្វាន់មេដាយជើងឯកអាស៊ីនេះគឺគិតទៅតាមសេចក្ដីប្រកាសអន្តរក្រសួងចុះថ្ងៃទី៧ ខែកក្កដាឆ្នាំ២០១៥ ដោយមេដាយមាសនឹងទទួលបានប្រាក់រង្វាន់ ១៦.០០០.០០០រៀល, មេដាយប្រាក់បាន ១៣.០០០.០០០រៀល និងមេដាយសំរឹទ្ធបាន ១១.០០០.០០០រៀល ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់