ក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេក្នុងការប្រកួតហែលទឹកជើងឯកជាតិឆ្នាំនេះ

នូ មករា November 5, 2018


ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្រាប់ការប្រកួតជើងឯកឆ្នាំ២០១៨ ក្រុមអត្តពលិកក្រសួងមហាផ្ទៃដណ្តើមមេដាយច្រើនជាងគេឈរលំដាប់លេខ១ លើតារាងដោយមានមេដាយ ១៧គ្រឿង ក្នុងនោះមេដាយមាសចំនួន ៨គ្រឿង មេដាយប្រាក់ចំនួន ៦គ្រឿង និងមេដាយសំរឹទ្ធចំនួន ៣គ្រឿង, ក្រុមអត្តពលិកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមមេដាយ២១គ្រឿង ក្នុងនោះមេដាយមាសចំនួន៧គ្រឿង មេដាយប្រាក់ចំនួន៦គ្រឿង និងមេដាយសំរិទ្ធចំនួន៨គ្រឿង ។
ចំណែកក្រុមអត្តពលិកក្លិបនាគរាជខេត្តកំពង់ចាមដណ្តើមមេដាយ ១០គ្រឿងក្នុងនោះមេដាយមាសចំនួន៣ គ្រឿង មេដាយប្រាក់ចំនួន៣គ្រឿង និងមេដាយសំរឹទ្ធចំនួន៤គ្រឿង, ក្រុមអត្តពលិកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមមេដាយ៨គ្រឿង ក្នុងនោះមេដាយមាសចំនួន១គ្រឿង មេដាយប្រាក់ចំនួន៣គ្រឿង និងមេដាយសំរឹទ្ធចំនួន៤គ្រឿង និងក្រុមអត្តពលិកក្រសួងព័ត៌មានទទួលមេដាយប្រាក់១គ្រឿង ។
 
សូមបញ្ជាក់ថា ការប្រកួតដែលមានរយៈពេល៣ថ្ងៃនេះ គឺចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នាអាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោមានកីឡាករ-កីឡាការិនីចំនួន ១២០ចូលរួម មកពី៧ក្លិបធ្វើឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹកសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់