ក្រុមវ៉ូវីណាមកម្ពុជាចេញដំណើរទៅប្រកួតជើងឯកទ្វីបអាស៊ីនៅកោះបាលី

នូ មករា November 2, 2018


ភ្នំពេញ៖ កីឡាករ-កីឡាការិនីវ៉ូវីណាមមួយក្រុមបានចេញដំណើរទៅកាន់កោះបាលីប្រទេសឥណ្ឌូនេស៊ីហើយនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ ។ ថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក លោក អ៊ូ រតនា ដែលជាប្រធានប្រតិភូ និងជាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបញ្ជាក់ថា នេះជាការប្រកួតជើងឯកអាស៊ីលើកទី៤ រីឯកម្ពុជាទើបតែចូលរួមជាលើកដំបូងនេះទេ ។ ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែវិច្ឆិកាហើយកម្ពុជាបញ្ជូនកីឡាករទៅចូលរួមចំនួន១២នាក់ និងកីឡាការិនី៨នាក់ ។
សម្រាប់ទ្វីបអាស៊ីប្រទេសជាសមាជិកមានចំនួន២០ប្រទេសហើយការចូលរួមប្រកួតលើកនេះមានប្រទេសចំនួន១៧ចូលរួម ។កម្ពុជានឹងប្រកួតលើ ៣៧វិញ្ញាសាដែលក្នុងនោះវិញ្ញាសាប្រយុទ្ធនារីមាន៥ប្រភេទទម្ងន់ និងកីឡាករមាន៤ប្រភេទទម្ងន់ ។ ចំពោះវិញ្ញាសាសម្តែងមានចំនួន ២៨វិញ្ញាសា ។ សូមបញ្ជាក់ថា វ៉ូវីណាមជាក្បាច់គុនដែលមានប្រភពពីប្រទេសវៀតណាមហើយនៅក្នុងទ្វីបអាស៊ីប្រទេសដែលខ្លាំងនោះគឺ វៀតណាម អុីរ៉ង់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហើយមួយរយៈនេះឥណ្ឌាក៏មិនអន់ដែរ ។ គួររំលឹកថា កាលពីប្រកួតជើងឯកអាស៊ីលើកទី៣នៅប្រទេសអ៊ីរ៉ង់មានតែ៩ប្រទេសចូលរួមប៉ុណ្ណោះ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់