៦ ប្រភេទកីឡាទៀតអាចនឹងមានវត្តមាននៅស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន

នូ មករា November 1, 2018


ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលទើបតែត្រឡប់មកពីរួមប្រជុំគណៈកម្មាការស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ដែលនឹងធ្វើនៅប្រទេសហ្វីលីពីននោះបានបង្ហាញនូវជំនឿចិត្តថា កីឡាចំនួន៦ប្រភេទទៀតដែលកន្លងមកគណៈកម្មការស៊ីហ្គេមមិនបញ្ចូលទៅក្នុងការប្រកួតនោះទំនងជាមានវត្តមាននៅក្នុងការប្រកួតនេះហើយ ។ កីឡា៦ប្រភេទនោះរួមមាន៖ កីឡាប៉េតង់ កីឡាវ៉ូវីណាម កីឡាវាយកូនបាល់ កីឡាហុកគី កីឡាE-sport និងកីឡាSoft Tennis ។
លោកបានបន្តថា កិច្ចប្រជុំកំពូលក្រុមប្រឹក្សា SEA GAMES និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអគ្នេយ៍ពេលថ្មីៗនេះបានសម្រេចដាក់បញ្ជូលទាំង៦ប្រភេទដោយរង់ចាំតែការសម្រេចចុងក្រោយរបស់កំពូលក្រុមប្រឹក្សា SEA GAMES នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ។ សម្រាប់កម្ពុជាប្រភេទកីឡាដែលមានសក្ដានុពលនោះ គឺកីឡាប៉េតង់ កីឡាវ៉ូវីណាម កីឡា Soft Tennis ចំពោះ ប្រភេទកីឡាE-Sport ក៏កម្ពុជាមានសក្ដានុពលដែរ ។

លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសក៏បានអះអាងដែរថា ប្រសិនបើនៅស៊ីហ្គេមមានសូហ្វតិន្នីសនោះលោកមានជំនឿចិត្តថាពួកគេនឹងរកមេដាយបានជាមិនខាន ហើយបើមាននៅក្នុងការប្រកួតស៊ីហ្គេមនោះលោកនឹងបញ្ជូនកីឡាករ-កីឡាការិនីសូហ្វតិន្នីសទៅហាត់នៅជប៉ុនរយៈពេល៦ខែមុនស៊ីហ្គេមមកដល់ ហើយបន្ទាប់ពីហាត់ចប់លោកមិនឲ្យគេមកស្រុកខ្មែរវិញឡើយពោលគឺបន្តទៅស៊ីហ្គេមតែម្ដង ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់