លោក ស៊ុន ចាន់ថុល ប្រកាសសាងសង់អាងហែលទឹកនៅស្រុកកោះធំដើម្បីបន្ថែមធនធានអត្តពលិកថ្មីៗ

នូ មករា October 31, 2018


ភ្នំពេញ៖ ប្រមុខសហព័ន្ធខ្មែរកីឡាហែលទឹក លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានប្រកាសថាលោកនឹងសាងសង់អាងហែលទឹកមួយទៀតនៅស្រុកកោះធំខេត្តកណ្ដាលនាខែវិច្ឆិកានេះ ដែលជាលើកដំបូងហើយដែលស្រុកកោះធំនឹងមានអាងហែលទឹកនោះ ។ លោកបានបញ្ជាក់ថា សព្វថ្ងៃកម្ពុជាមានអាងហែលទឹកខ្នាតអន្តរជាតិនៅពហុកីឡដ្ឋានមរតកតេជោ, មជ្ឈមណ្ឌលហែលទឹកតេជោសែននាខេត្តកំពង់ចាម និងអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកដែលកំពុងជួសជុល ។

ដោយឡែក កោះធំជាស្រុកមួយនៅជាប់មាត់ទន្លេតែប្រជាជននៅស្រុកនេះគ្មាននរណាលេងកីឡាហែលទឹកឡើយ ហេតុនេះ លោកត្រូវតែស្ថាបនាអាងហែលទឹកនៅកោះធំដើម្បីអូសទាញយុវជន កុមារា-កុមារីឲ្យមកលេងកីឡាហែលទឹកព្រោះអ្នករស់នៅស្រុកទន្លេសុទ្ធតែមានទេពកោសល្យក្នុងការហែលទឹក ។ ពួកគេចេះហែលទឹកស្រាប់ហេតុនេះសហព័ន្ធគ្រាន់តែបង្ហាត់គេទៅតាមជំនាញនោះគេនឹងក្លាយជាអ្នកហែលទឹកដែលមានសមត្ថភាពខ្ពស់ ។ កន្លងមកភាគច្រើននៃអ្នកហែលទឹកពូកែៗច្រើនមកពីខេត្តកំពង់ចាមពិសេសអ្នកដែលរស់នៅតាមដងទន្លេមេគង្គ ប៉ុន្តែបន្តិចទៀតអ្នករស់នៅតាមដងទន្លេមេគង្គក្រោមនៃស្រុកកោះធំក៏នឹងមានអ្នកហែលទឹកពូកែដែរហើយ ។ ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញពីមហិច្ឆតាថាបន្ទាប់ពីស្រុកកោះធំលោកនឹងស្ថាបនាអាងហែលទឹកតាមបណ្ដាខេត្តមួយចំនួនទៀតក្នុងខេត្តបាត់ដំបងបានធ្វើឲ្យលោកចាប់អារម្មណ៍ខ្លាំងណាស់ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់