អាងទឹកពហុកីឡដ្ឋានជាតិ ចាប់ផ្តើមជួសជុលដោយចំណាយជាង ២លានដុល្លារ

នូ មករា October 29, 2018


 ភ្នំពេញ៖ ទីបំផុតអាងហែលទឹកក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកត្រូវបានប្រកាសជួសជុលជាផ្លូវការដែលជាមួយនឹងការប្រកាសជួសជុលនេះសហព័ន្ធខ្មែរកីឡាហែលទឹកបានរៀបចំធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹក ម្ចាស់ដីតាមប្រពៃណីនារសៀលថ្ងៃទី២៦ ខែតុលាកន្លងមក ។ ពិធីក្រុងពាលីនេះមានការចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក, លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងសហព័ន្ធជាតិនានា ។ ថ្លែងប្រាប់អ្នកកាសែតក្នុងឱកាសនោះលោក ស៊ុន ចាន់ថុល បានឲ្យដឹងថាអាងចាស់គឺមានទទឹង២០ម៉ែត្រនិងបណ្ដោយ ៥០ម៉ែត្រ។ នៅពេលជួសជុលជាថ្មីឲ្យត្រឹមត្រូវតាមស្ដង់ដារដែលមានបំពាក់ប្រព័ន្ធពេលវេលាស្វ័យប្រវត្តិ នោះអាងត្រូវពង្រីកទំហំទទឹង២៥ម៉ែត្រនិងបណ្ដោយនៅរក្សា៥០ម៉ែត្រដដែល ។ ហេតុនេះគ្រឹះត្រូវធ្វើជាថ្មីឡើងវិញ ។
ចំពោះអាងសម្រាប់លោតដែលទំហំចាស់២០ម៉ែត្រគុណ២០ម៉ែត្រនោះទំហំថ្មីត្រូវតែពង្រីកដល់២៥ម៉ែត្រគុណ២១ម៉ែត្រការពង្រីកបែបនេះវាប៉ះពាល់ទាំងស្រុងដល់កន្លែងសម្រាប់លោតហេតុនេះកន្លែងសម្រាប់លោតត្រូវតែវាយចោលហើយធ្វើជាថ្មីឡើងវិញទាំងអស់ ។ ជាមួយគ្នានេះក៏ត្រូវជួសជុលអគារដែលក្នុងនោះមានទាំងការិយាល័យធ្វើការរបស់សហព័ន្ធ កន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី កន្លែងហ្វឹកហាត់សាច់ដុំ ហាត់កម្លាំងដែលឱបករណ៍ទាំងនោះត្រូវតែទិញទាំងអស់ ចំណែកឧបករណ៍ចម្រោះទឹកឲ្យស្អាត ក៏ត្រូវតែបំពាក់ឲ្យត្រូវតាមស្ដង់ដារអន្តរជាតិ ។
អាងហែលទឹកនេះចាប់ផ្ដើមសាងសង់ដំណាលគ្នានឹងស្ដាតអូឡាំពិកដែរគឺក្នុងឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៦៥ ហើយនៅឆ្នាំ១៩៦៧ អាងទឹកនេះបានបើកដំណើរការក្នុងការប្រកួតកីឡា GANEFO លើកទី១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ បន្ទាប់ពីនោះមកអាងបានធ្វើសកម្មភាពប្រកួតជាច្រើនដោយមានទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិទៀតផង ។ អាងនេះត្រូវបានខូចខាតក្នុងសម័យសង្គ្រាមពិសេសក្នុងរបបខ្មែរក្រហមតែម្ដង ។ លុះឆ្នាំ១៩៨០ដល់ឆ្នាំ១៩៩០អាងនេះត្រូវបានរៀបចំស្ដារនិងមានសកម្មភាពឡើងវិញ ។ ជាមួយការបើកដំណើរការឡើងវិញនេះនៅឆ្នាំ១៩៩០នេះដែរអាងនេះបានខូចខាតប្រព័ន្ធអគ្គីសនី និងប្រព័ន្ធបង្ហូរទឹក ។ ពីឆ្នាំ១៩៩១ដល់ឆ្នាំ២០០០ស្ថានទូតអូស្រ្តាលីបានបានឧបត្ថម្ភម៉ាស៊ីនភ្លើង និងនិងកែសម្រួ ប្រព័ន្ធ និងសម្ភារៈខូចខាតឲ្យមានភាពប្រសើរឡើងវិញ ។ ក្នុងឆ្នាំ២០០០មកដល់បច្ចុប្បន្នអ្វីៗទាំងអស់បានខូចខាតទាំងស្រុងដោយមិនអាចកែលម្អ និងជួសជុលបានវិញឡើយ
អត្ថបទ៖ វ៉ាន្នី

មតិយោបល់