កីឡាករសូហ្វតិន្នីសកម្ពុជា ៥រូបចេញទៅប្រកួតជើងឯកយុវជនពិភពលោកលើកទី៣ នៅកូរ៉េខាងត្បូង

នូ មករា October 29, 2018


ភ្នំពេញ៖នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាគឺលោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង បានដឹកនាំក្រុមកីឡាសូហ្វតិន្នីសវ័យក្មេងរបស់កម្ពុជាទៅចូលរួមប្រកួតជើងឯកពិភពលោកលើកទី៣ នៅទីក្រុង Suncheon សាធារណរដ្ឋកូរ៉េខាងត្បូង ដោយព្រឹត្តិការណ៍3rd World Junior Soft Tennis Championship 2018 Suncheon Korea នេះកម្ពុជាទើបតែទៅចូលរួមប្រកួតជាលើកដំបូងនេះទេក្នុងចំណោមការប្រកួតទាំង៣លើកកន្លងមក ។ សម្រាប់លើកទី១នេះ កម្ពុជាបញ្ជូនកីឡាករចំនួន៧ រូប និងកីឡាការិនីចំនួន៥រូបទៅចូលរួមដែលពួកគេស្ថិតក្នុងវ័យយុវជនដែលមានអាយុក្រោម១៥ឆ្នាំ ក្រោម១៨ឆ្នាំ និង ក្រោម២១ឆ្នាំ ។

លោកឧត្តមសេនីយ៍ឯកបានចាត់ទុកថានេះជាការចូលរួមប្រកួតសាកល្បងដើម្បីវាស់ស្ទង់ពីសមត្ថភាពកីឡាករ-កីឡាការិនីរបស់កម្ពុជាក្នុងពិភពលោកព្រោះនេះជាលើកដំបូងហើយដែលក្រុមកីឡាវ័យក្មេងទាំងនេះចេញទៅប្រកួតកម្រិតពិភពលោកដែលមានប្រទេសចូលរួមប្រមាណជាង ២០ប្រទេស ។ ក្នុងចំណោម៣ប្រភេទអាយុនេះលោកមានជំនឿចិត្តលើកីឡាករ- កីឡាការិនីវ័យក្មេងចំនួន៤រូបដែលស្ថិតក្នុងអាយុក្រោម១៥ឆ្នាំ ។ ការចេញទៅប្រទេសកូរេលើកនេះគឺចេញទៅរយៈពេលយូរដោយសារចូលរួម៣ព្រឹត្តិការណ៍គឺការបោះជុំរុំហ្វឹកហាត់ជាមួយបណ្ដាប្រទេសនានាបន្ទាប់មកចូលរួមក្នុងព្រឹត្តិការណ៍ Korea-Cup និង ព្រឹត្តិការណ៍3rd World Junior Soft Tennis Championship 2018 Suncheon Korea ។

សូមបញ្ជាក់ថា កីឡាសូហ្វតិន្នីសកម្ពុជាទើបតែបញ្ចប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីន ដោយដណ្ដើមបានមេដាយចំនួន ១១គ្រឿងក្នុងនោះមេដាយមាស២គ្រឿង មេដាយប្រាក់ចំនួន៤គ្រឿង និងមេដាយសំរឹទ្ធចំនួន៥គ្រឿង ។ ប្រភេទកីឡានេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទើបតែមានប្រទេសចំនួន៧ប៉ុណ្ណោះដែលលេងហើយប្រទេសដែល ឈរក្នុងលំដាប់លេខ១គឺឥណ្ឌូនេស៊ី លេខ២ថៃ និងលេខ៣កម្ពុជា ។សម្រាប់កម្រិតពិភពលោកទើបតែមានជាង២០ប្រ ទេសទេដែលលេងកីឡានេះ ។ លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថាសម្រាប់សូហ្វតិន្នីសរបស់លោកគឺលោកមិនចង់ឈ្នះប្រទេសដែលធ្លាប់ឈ្នះនោះទេតែលោកចង់ឈ្នះប្រទេសដែលធ្លាប់ឈ្នះកម្ពុជា ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់