ប្រធានថ្មីសហព័ន្ធអត្តពលកម្ម កំណត់ការពង្រឹងគុណភាពគ្រូបង្វឹកជាអាទិភាព

នូ មករា October 26, 2018


ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាអត្តពលកម្មបានធ្វើការកែទម្រង់យ៉ាងធំមួយបន្ទាប់មហាសន្និបាតបានបញ្ចប់រួចមក ដោយបានផ្លាស់ប្ដូរនូវក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗទាំងស្រុង ។ ក្នុងមហាសន្និបាតនោះលោក ប៊ុន សុខ ដែលជាប្រធានសហព័ន្ធចាស់បានប្រកាសដកខ្លួនដោយមិនឈរឈ្មោះប្រជែងតំណែងប្រធានទៀតឡើយ ។ ជាមួយនឹងការដកខ្លួននោះ លោក អ៊ុក សិទ្ធិជាតិ ដែលគេស្គាល់ថាជាអគ្គ នាយកកីឡានៃក្រសួងអប់រំយុវជន និងកីឡាបានទទួលការគាំទ្រជាប្រធានសហព័ន្ធវិញ ។ ជាមួយគ្នានេះក្បាលម៉ាស៊ីនដ៏សំខាន់មួយទៀតគឺ អគ្គលេខាធិការ លោក ប៉ែន វុទ្ធី ក៏បានប្តូរចេញ និងដាក់លោក ហ៊ុន បូរី ជំនួសវិញ ។ ទន្ទឹមនឹងនេះនយោបាយមួយចំនួនក្នុងសហព័ន្ធត្រូវបានកែសម្រួលពោលគឺគ្រូចាស់ៗដែលមានបទពិសោធន៍មិនត្រូវទុកគាត់ចោលឡើយដោយត្រូវតែយកមកជួយជាគំនិត ជាបទពិសោធន៍ព្រោះពួកគាត់ជាឯកសាររស់ដែលត្រូវតែកកាយយកមកប្រើដើម្បីជាទុនសម្រាប់បង្ហាត់ ។ ចំណែកគ្រូបង្វឹកត្រូវតែមានអាជ្ញាប័ណ្ណ (License) ឬ អាជ្ញាប័ណ្ណចេញឲ្យដោយសហព័ន្ធអាស៊ានឬអាស៊ីឬអន្តរជាតិដោយអាជ្ញាប័ណ្ណថ្នាក់ជាតិត្រូវបង្ហាត់កម្រិតមូលដ្ឋាន ពោលគឺអនុវត្តតាមស្ដង់ដារអន្តរជាតិ ។ ចំពោះអ្នកដែលគ្មានអាជ្ញាប័ណ្ណមិនអាចមកធ្វើជាគ្រូបង្វឹកបានទេ ។
សូមបញ្ជាក់ថា អត្តពលកម្មជាប្រភេទកីឡាអាទិភាពដូចប្រភេទកីឡាហែលទឹកដែរ ដោយនៅក្នុងព្រឹត្តិការណ៍ផ្លូវការមួយប្រទេសមួយដែលអាចបញ្ជូនប្រភេទកីឡាផ្សេងៗទៅចូលរួមប្រកួតបាននោះត្រូវតែមានប្រភេទកីឡាអត្តពលកម្ម និងហែលទឹកចូលរួម ។ សម្រាប់កម្ពុជាពីពេលនេះទៅដល់ឆ្នាំ២០២៣ កាន់តែកៀកហើយ ហេតុនេះអត្តពលកម្មត្រូវតែពង្រឹងឲ្យខ្លាំងមែនទែនទើបបានឋានៈជាប្រទេសម្ចាស់ផ្ទះបើរកមិនបានមេដាយទេនោះវាបង្ហាញពីអសមត្ថភាពហើយ ។
គួររំលឹកថា អត្តពលកម្មកម្ពុជាធ្លាប់បានមេដាយប្រាក់ និងសំរឹទ្ធពីស៊ីហ្គេមដែលកាលនោះរកបានដោយកីឡាករ ហែម ប៊ុនទីង គឺរត់ម៉ារ៉ាតុងបានមេដាយប្រាក់ និងរត់៥គីឡូម៉ែត្របានមេដាយសំរឹទ្ធ ។ លោក អ៊ុក សិទ្ធិជាតិ បានប្រាប់ឲ្យសមាជិកប្រតិបត្តិទាំងអស់ត្រូវចូលរួមគិត រួមធ្វើ និងទទួលខុសត្រូវ ហើយលោកព្រមានថាបើគ្រូបង្វឹកបើបង្ហាត់មិនកើតទេត្រូវផ្លាស់ប្ដូរចេញ សូម្បីតែអគ្គលេខាធិការបើដឹកនាំមិនបានល្អទេនោះក៏ត្រូវតែប្ដូរចេញដែរ ។ អគ្គលេខាធិការពេលនេះមិនមែនជាសមាជិកប្រតិបត្តិទេតែជាអគ្គលេខាធិការដែលធ្វើការដោយទទួលប្រាក់ខែពីសហព័ន្ធ ដូចនេះបើធ្វើការមិនកើតទេត្រូវប្ដូរចេញព្រោះមិនលំបាកក្នុងការឆ្លងកាត់មហាសន្និបាតឡើយ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់