កីឡាតេក្វាន់ដូ ITF ប្រកាសប្រកួតជើងឯកថ្នាលពានភេសជ្ជៈ Sponsor នៅខែក្រោយ

នូ មករា October 20, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF (International Taekwondo Federation) កម្ពុជាបានប្រកាសពីកាលបរិច្ឆេទប្រកួតជើងឯកវ័យក្មេង (កម្រិតថ្នាល) ដណ្ដើមពានរង្វាន់ភេសជ្ជៈ Sponsor ។ បើតាមការឲ្យ ការប្រកួតនេះនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកានៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែម្ដង ។

លោក កៅ មករា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានប្រាប់ឱ្យដឹងថា ក្នុងការប្រកួតនេះសហព័ន្ធបានបែងចែកចេញជា៣វិញ្ញាសាធំៗគឺវិញ្ញាសាមេគុនមាន១០ប្រភេទគឺចាប់ពីអាយុ ៩ឆ្នាំទៅ១១ឆ្នាំ ដែលមានវិញ្ញាសាឯកត្តជនបុរស ឯកត្តជននារីប្រភេទខ្សែក្រវាត់ក្រោមខ្មៅ និងឯកត្តជនបុរស រីឯកត្តជននារីប្រភេទខ្សែក្រវាត់ខ្មៅ១ជាន់។ ប្រភេទអាយុ១២ឆ្នាំទៅ១៤ឆ្នាំមានវិញ្ញាសាឯកត្តជនបុរស ឯកត្តជននារីប្រភេទខ្សែក្រវាត់ក្រោមខ្មៅព្រមទាំងចាប់ពីអាយុ១៥ឆ្នាំទៅ១៧ឆ្នាំឯកត្តជនបុរស ឯកត្តជននារីប្រភេទខ្សែក្រវាត់ក្រោមខ្មៅ ។

លោកបានបន្តថាចំពោះវិញ្ញាសាបច្ចេកទេសពិសេស មាន២ប្រភេទ ចាប់ពីអាយុ១៥ឆ្នាំទៅ១៧ឆ្នាំ ដែលមានឯកត្តជនបុរសនិងឯកត្តជននារី ។ វិញ្ញាសាសម្តែងបច្ចេកទេសការពារខ្លួនជាក្រុមមាន៣ប្រភេទចាប់ពីអាយុ៩ឆ្នាំទៅ១៤ឆ្នាំ ចម្រុះ និងជាក្រុម ១នាក់ទល់៣នាក់ និងចាប់ពីអាយុ១៥ឆ្នាំទៅ១៧ឆ្នាំ ចំពោះជាក្រុមបុរស១នាក់ទល់៣នាក់ និងជាក្រុមនារីវិញមាននារី១នាក់ទល់បុរស៣នាក់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់