វ៉ូវីណាមកម្ពុជា នឹងចូលរួមប្រកួតជើងឯកទ្វីបអាស៊ីជាលើកដំបូងនៅខែក្រោយ

នូ មករា October 18, 2018


ភ្នំពេញ: ​សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានប្រកាសថាសម្រាប់ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីលើកទី៤ (4nd ASIAN Vovinam Championship) នាខែក្រោយនេះកម្ពុជានឹងចូលរួមជាលើកដំបូង ។ លោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបញ្ជាក់ថា ការប្រកួតជើងឯកអាស៊ីលើកទី៤នេះគឺពិតជាលើកដំបូងមែនដែលកម្ពុជាបានចូលរួម ដោយកន្លងមកកម្ពុជាធ្លាប់ចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ និងជើងឯកពិភពលោកដោយទទួលបានលទ្ធផលល្អ ហើយចំពោះការប្រកួតជើងឯកអាស៊ីនេះក៏កម្ពុជាមានជំនឿចិត្តថានឹងបានទទួលលទ្ធផលល្អដូចលើកមុនៗដែរ ។
 
សូមបញ្ជាក់ថា ការប្រកួតលើកទី៤នេះនឹងធ្វើនៅកោះបាលីប្រទេសឥណ្ឌូនេស៊ីហើយមានប្រទេសចំនួន១៦ចូលរួម ។ កាលពីប្រ កួតលើកទី៣ មានតែ៩ប្រទេសប៉ុណ្ណោះចូលរួម ខណ:ដែលសមាជិកវ៉ូវីណាមនៅទ្វីបអាស៊ីពេលនេះទើបតែមានចំនួន២០ប្រទេសប៉ុណ្ណោះ ។
កាលពីប្រកួតជើងឯកអាស៊ីលើកទី៣ធ្វើនៅប្រទេសអ៊ីរ៉ង់ហើយប្រទេសដែលខ្លាំងលើប្រភេទកីឡានេះគឺអ៊ីរ៉ង់ និងវៀតណាមដែលជាម្ចាស់ក្បាច់គុនផ្ទាល់ ។ សម្រាប់ការប្រកួតជើងឯកអាស៊ីលើកទី៤វិញនឹងចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ហើយកម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនីចំនួន២៤រូបក្នុងនោះកីឡាការិនីចំនួន៨រូប និងប្រតិភូដឹកនាំ រួមជាមួយគ្រូបង្វឹកចំនួន ១០រូបផ្សេងទៀត ហើយកម្ពុជាទៅចូលរួមប្រកួតលើវិញ្ញាសាប្រយុទ្ធ និងសម្តែង ។

ចំពោះអត្តពលិកវិញពេលនេះពួកគេកំពុងតែព្យាយាមហ្វឹកហាត់នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) យ៉ាងសស្រាក់ស្រាំដោយមួយថ្ងៃហ្វឹកហាត់ ២ពេល ក្រោមការត្រួតពិនិត្យដោយ លោក អ៊ូ រតនា ដែលជាអនុប្រធានសហព័ន្ធដោយលោកបានតាមដានការហ្វឹកហាត់នេះជាប់ជាប្រចាំដែលក្នុងនោះសម្រាប់វិញ្ញាសាប្រយុទ្ធលោកត្រួតពិនិត្យទម្ងន់ ពីភាពរីកចម្រើន និងវិន័យក្នុងការហ្វឹកហាត់មិនដែលលោះពេលឡើយ ។ គួរបញ្ជាក់ថា វ៉ូវីណាមជាប្រភេទកីឡាដែលកម្ពុជាមានសក្ដានុពលបំផុត ហើយកីឡានេះមានវិញ្ញាសាទាំងអស់ចំនួន៣៨ ហើយ កម្ពុជានៅមិនទាន់បានលេងតែ៣ ឬ៤វិញ្ញាសាប៉ុណ្ណោះ ៕
អត្ថបទ: វ៉ាន្នី

មតិយោបល់