ហាប់គីដូកម្ពុជា នៅតែជួបបញ្ហាខ្វះធនធានសម្រាប់បណ្តុះបណ្តាល និងប្រកួតអន្តរជាតិ

នូ មករា October 18, 2018


ភ្នំពេញ: សហព័ន្ធកីឡាហាប់គីដូកម្ពុជាបានប្រកាសនិងអះអាងថាខ្លួនមិនបោះបង់ចោលមហិច្ឆតាចង់ចេញទៅប្រកួតក្រៅប្រទេសឡើយ ហើយជាមួយគ្នានោះក៏បានទម្លាយរឿងបញ្ហានិងឧបសគ្គរបស់ខ្លួនដែលគ្មានលទ្ធភាពចេញទៅប្រកួតកម្មវិធីអន្តរជាតិនាពេលកន្លងមកផងដែរ ។ លោក គង់ ចាន់ធីណា អគ្គលេខារូបសហព័ន្ធកីឡាហាប់គីដូកម្ពុជាបានប្រាប់ថា ជំហានដំបូងនៃកីឡានេះគឺត្រូវការអភិវឌ្ឍន៍ធនធានមនុស្សជាមុនសិន ដោយសារសព្វថ្ងៃនេះ ហាប់គីដូ នៅតែខ្វះមនុស្សឬគ្រូបង្គោលនិងកីឡាករកីឡាការិនីឆ្នើម ដែលជាឧបសគ្គសម្រាប់កម្ពុជាក្នុងការចេញទៅប្រកួតក្នុងកម្មវិធីអន្តរជាតិជាច្រើនលើក ។
លោកបានបន្ថែមថា កន្លងមកសិស្សដែលបានខ្សែក្រវាត់ខ្មៅជាច្រើនពួកគេសុទ្ធតែមានភារកិច្ចរវល់រៀងខ្លួនក្នុងដោះស្រាយបញ្ហាជីវិត ទើបពួកគេបោះបង់កីឡាមួយនេះហើយក៏ធ្វើឱ្យសហព័ន្ធជួបបញ្ហាបាត់បង់កីឡាករ កីឡាការិនីឆ្នើមធ្វើជម្រើសជាតិឬគ្រូបង្គោលតែម្តង ។ លោក គង់ ចាន់ធីណា បានបង្ហើបថា សមាគមហាប់គីដូពិភពលោក តែងតែប្រារព្ធការប្រកួតជាប្រចាំ ប៉ុន្តែសម្រាប់កម្ពុជាយើងវិញនៅតែជួបបញ្ហាខ្វះធនធានមនុស្សឬកីឡាករឆ្នើមចេញទៅដណ្តើមមេដាយអន្តរជាតិ ។ សម្រាប់ឆ្នាំ២០១៧កន្លងមកនេះ ជាការសោកស្តាយសម្រាប់កម្ពុជាដែលគ្មានលទ្ធភាពក្នុងការចូលរួមប្រកួត World Champion Hapkido ចំនួនពីរលើកគឺនៅដើមឆ្នាំនៅប្រទេសហរដ្ឋអាមេរិកក្នុងរដ្ឋមិចស៊ីកូ និងលើកទី២ប្រទេសកូរ៉េ ។
សម្រាប់ឆ្នាំ២០១៨នេះវិញកាលពីពាក់កណ្តាលឆ្នាំក៏មានការប្រកួតលំដាប់ពិភពលោកម្ដងទៀតនៅសហរដ្ឋអាមេរិកក្នុងរដ្ឋឡូសអាន់ជឺឡេស តែកម្ពុជានៅតែមិនបានចូលរួមដែរ ដោយសារតែគ្មានធនធានគ្រប់គ្រាន់ក្នុងការចូលរួម ។ ប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា លោក ម៉ក់ សំអុល បានឱ្យដឹងថា ដើម្បីរុញកីឡាហាប់គីដូទៅមុខ និងអាចចេញប្រកួតនៅក្រៅប្រទេស ក៏ដូចជាចង់យកមេដាយអន្តរជាតិបាននោះ ត្រូវការព្យាយាមដាក់ការងារអភិវឌ្ឍន៍រួមគ្នាដោយចំបាច់មាន ទីតាំង ក្លឹប ឬកន្លែងហ្វឹកហាត់ឱ្យកាន់ច្រើនឡើង ។

ទី២ត្រូវការធនធានមនុស្សដែលហ៊ានលះបង់ពេលវេលានិងទឹកចិត្តដើម្បីជាកីឡាករ កីឡាការិនីឆ្នើមចេញទៅប្រកួត និងជាគ្រូបង្គោលសម្រាប់បណ្តុះថ្នាល ។ ទី៣ផងដែរនោះជាពិសេសត្រូវការចំបាច់អ្នកគាំទ្រ ឬដៃគូសហការផ្តល់ការឧបត្ថម្ភសម្រាប់កីឡាករកីឡាការិនីកម្ពុជាចេញទៅដណ្តើមមេដាយអន្តរជាតិណាមួយនាពេលខាងមុខនេះ ៕
អត្ថបទ: ប៉ាវឡុង ជីង

Chat Conversation End

មតិយោបល់