ក្រុមកីឡាប៉េតង់កម្ពុជាត្រឡប់មកពីបារាំងវិញជាមួយនឹងជ័យជម្នះដ៏ត្រចះត្រចង់!

នូ មករា October 17, 2018


ភ្នំពេញ៖ ក្រុមកីឡាករ កីឡាការិនីប៉េតង់កម្ពុជាដែលជាម្ចាស់មេដាយមាស និងមេដាយប្រាក់នៃព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ Le Trophée l’Equipe de Pétanque នៅប្រទេសបារាំង ដែលជាព្រឹត្តិការណ៍ប្រកួតចម្រាញ់យកតែកីឡាករ-កីឡាការិនីម្ចាស់មេដាយកម្រិតពិភពលោកបានមកដល់ប្រទេសកម្ពុជាវិញហើយនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ ។
 
ជាមួយគ្នានេះ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ លោក ផាត់ បញ្ញាសុជាតិ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តំណាងប្រធានមជ្ឈមណ្ឌល និងលោក ណយ ផាន់ណា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញស្វាគមន៍ចំពោះការវិលត្រឡប់នេះដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ ។ យ៉ាងណាក៏ដោយ ជ័យលាភីទាំងអស់នឹងមិនទទួលបានប្រាក់រង្វាន់នោះទេ ដោយបើតាមការបញ្ជាក់ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC ប្រាប់កាសែត​ភ្នំពេញ ប៉ុស្តិ៍​ថា៖ “ការ​ដណ្តើម​ពាន​នេះ វា​ជាការ​ប្រកួត​កម្រិត​ពិភពលោក​ដែរ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​ដណ្តើម​ពាន​រង្វាន់​គឺ​មិន​មែន​ជា​ការ​ប្រកួត​ជើង​ឯក​ពិភពលោក ជា​លក្ខណៈ​បច្ចេកទេស​នោះ​ទេ អ៊ីចឹង​វា​មិន​ស្ថិត​នៅ​ក្នុង​ការ​ប្រកួត​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​ពី​រាជរដ្ឋាភិបាល​នោះ​ឡើយ ។”
 
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ប្រកួតនេះក្រុមកីឡាប៉េតង់កម្ពុជាដណ្តើមបានមេដាយ ៥គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿង និងមេដាយប្រាក់២គ្រឿងទៀតក្នុងចំណោម ៧ប្រទេសចូលរួមដែលប្រមូលផ្តុំសុទ្ធតែកីឡាករ កីឡាការិនីឆ្នើមដែលមានស្នាដៃនិងជាម្ចាស់មេដាយមាសកម្រិតពិភពលោកចូលរួម ក្នុងនោះដែរសម្រាប់ផ្នែកនារីក្រុមកីឡាការិនីកម្ពុជាបានក្រសោបយកមេដាយមាសគ្រប់វិញ្ញាសាទាំងអស់តែម្តង ។
បើទោះបីជា ក្រុម​ប៉េតង់​កម្ពុជា ទើបតែ​ត្រូវបាន​ចាត់ទុកជា​ប្រទេស​ខ្លាំង ផ្នែក​កីឡា​ប៉េតង់ ប្រចាំ​ទ្វីប​អាស៊ី ជាមួយ​នឹង​ថៃ ដើម្បី​ចូលរួម​ការ​ប្រកួត Trophee L’Equipe 2018 នេះ​ជា​លើក​ដំបូង ជាមួយ​ប្រទេស​ចំនួន ៥ ទៀត មាន​ម្ចាស់​ផ្ទះ​បារាំង (មាន ២ ក្រុម) ដាណឺម៉ាក និង​អ៊ីតាលី តំណាង​មក​ពី​ទ្វីប​អឺរ៉ុប រួម​ទាំង​ប្រទេស​ម៉ាដាហ្គាស្កា ទុយនីស៊ី ជា​តំណាង​ប្រទេស​ខ្លាំង​មក​ពី​ទ្វីប​អាហ្រ្វិក ប៉ុន្តែ​តាមរយៈ​ការ​ប្រកួត​នេះ ក្រុម​ប៉េតង់​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​ចូលរួម​ទាំង​អស់មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំងនៅ​ពេល​ឃើញ​កម្ពុជា​បាន​ឈ្នះ​ពាន​ចំនួន ៣ ក្នុង​ការ​ប្រកួត​ត្រឹម ៦ វិញ្ញាសា​នោះ ៕
អត្ថបទ៖ វ៉ាន្នី
 

មតិយោបល់