សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា រស់រានឡើងវិញជាមួយថ្នាក់ដឹកនាំថ្មីក្រោយបាត់សកម្មភាពជាច្រើនឆ្នាំ!

នូ មករា October 16, 2018


ភ្នំពេញ៖ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨កន្លងមកថ្មីៗនេះ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានប្រកាសធ្វើមហាសន្និបាតអាណត្តិទី១ បន្ទាប់ពីសហព័ន្ធនេះត្រូវបានបាត់សកម្មភាពជាងមួយទសវត្សមកហើយនោះ ។ សូមបញ្ជាក់ថា មុនពេលឈានទៅបង្កើតសហព័ន្ធជាថ្មីនេះបណ្ដាស្ថាបនិកនានាដែលដឹកនាំដោយ លោក វ៉ាត់ ចំ រើន បានទាក់ទងរកការគាំទ្រពីអន្តរជាតិពិសេសបានឈានទៅដល់បណ្ដុះបណ្ដាលធនធានមនុស្សតាំងពីឆ្នាំ២០១៧ ពោលគឺជាងមួយឆ្នាំមុនពេលសហព័ន្ធនេះត្រូវបានបង្កើតឡើងវិញមកម្ល៉េះ ។
លោក សំ សុខយី ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការនៅអាណត្តិទី១នេះបានបញ្ជាក់ថា មុនពេលសហព័ន្ធប្រកាសចេញជារូបរាងស្ថាបនិកនានាបានជួបប្រជុំជាមួយសហព័ន្ធអន្តរជាតិនិងបណ្ដុះបណ្ដាលគ្រូបង្គោលព្រមទាំងមន្ត្រីបច្ចេកទេសបានមួយចំនួនហើយ ។ លោក វ៉ាត់ ចំរើន ដែលពេលនេះបានក្លាយជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជានោះបានបញ្ជាក់ថា នេះជាប្រភេទកីឡាអូឡាំពិកដែលកម្ពុជាធ្លាប់មានសក្ដានុពលតាំងពីទសវត្សឆ្នាំ១៩៦០ មកម្ល៉េះហេតុនេះយើងត្រូវតែរូតរះបង្កើតវាឡើងវិញ ។ លោកបានពន្យល់ថានៅអាណត្តិទី១នេះអ្វីៗបង្កើតឡើងដោយស្ថាបនិកនានាហើយមិនឆ្លងកាត់ការបោះឆ្នោតអ្វីឡើយប៉ុន្តែចាប់ពីអាណត្តិទី២ទៅអ្វីៗត្រូវតែឆ្លងកាត់ការបោះឆ្នោតដោយខានមិនបាន ។ លោកបន្តថា ដោយសារតែមានក្លិបនិងសមាគមជាច្រើនគាំទ្រនោះទើបពេលនេះសហព័ន្ធនេះបានលេចចេញមកនោះ ។ ទោះបីពេលនេះសហព័ន្ធទើបតែប្រកាសពីសុពលភាពសមាជិកប្រតិបត្តិក៏ពិតមែនតែសហព័ន្ធត្រូវបានសហព័ន្ធអន្តរជាតិទទួលស្គាល់រួចទៅហើយ ។

សូមបញ្ជាក់ថា ក្នុងអាណត្តិទី១ ឆ្នាំ២០១៨-២០២០នេះ លោក វ៉ាត់ ចំរើន ជាប្រធាន, លោក ឡេង ស្រេង និង លោក ផាត់ បញ្ញាសុជាតិ ជាអនុប្រធាន, លោក សំ សុខយី អគ្គលេខាធិការ, លោក តឹក ប៊ុនវី, លោក អ៊ិត ឡេង អគ្គលេខាធិការរង, លោក សឹង ពិសី អគ្គហេរញឹក, អ្នកនាង ទ្រី សុថាវី, កញ្ញា ហាន ស្រីនិច, លោក ណុំ សុបិន្ត និងលោក យិន សាវី ជាសមាជិក ។ សម្រាប់ប្រភេទកីឡាលើកទម្ងន់នេះតំបន់អាស៊ីដណ្ដើមបានរហូតដល់មេដាយអូឡាំពិកឯណោះព្រោះកីឡាករ- កីឡាការិនីគិតពីទម្ងន់ហើយបើនរណាលើកបានធ្ងន់ជាងនោះអ្នកនោះឈ្នះហើយវាជាប្រភេទកីឡាខុសពីកីឡាកាយវប្បកម្មដែលត្រូវការរក្សាសាច់ដុំ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់