កីឡាការិនីតេក្វាន់ដូ នីកូល សម្លឹងរកកៅអីកីឡាអូឡាំពិក២០២០ ក្រោយឈ្នះមេដាយមាសនៅអាម៉េរិគ

នូ មករា October 16, 2018


ភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូកូនកាត់កម្ពុជា-អាម៉េរិគ ថិប កាសាន់ទ្រេនីកូល (Casandre Nicole Tubbs) ទើបតែដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ World Taekwondo President Cup 2018 ប្រចាំទ្វីបអាម៉េរិគឡាទីនដែលបានប្រព្រឹត្តទៅនៅទីក្រុងឡាសវេហ្គាស សហរដ្ឋអាម៉េរិគចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ តុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ។
 
លោក ជាតិ ខេមរា គ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិបានឱ្យដឹងថា កីឡាការិនីតេក្វាន់ដូកម្ពុជា ថិប កាសាន់ទ្រេនីកូល (Casandre Nicole Tubbs) ដណ្ដើមបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៦២គីឡូក្រាម ដែលបានធ្វើឲ្យនាងជាប់ចំណាត់ថ្នាក់លេខ៧ ពិភពលោកដើម្បីចូលរួមវគ្គជម្រុះនិងមានសិទ្ធិក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ ជាបន្តទៀត ។
 

លោកបានបន្តថា កីឡាការិនីវ័យ១៩ឆ្នាំរូបនេះបានចូលរួមប្រកួតតំណាងឲ្យប្រទេសកម្ពុជា ខណៈដែលកីឡាការិនីប្រេសុីល Caroline Santso ទទួលបានមេដាយប្រាក់ ចំណែកមេដាយសំរិទ្ធស្ទួនគឺកីឡាការិនី Maria Helena Alvarez Lozano មកពីកូឡុំប៊ី និងកីឡាការិនី Rachel Cuma មកពីកាណាដា ។ សូមបញ្ជាក់ដែរថា បន្ទាប់ពីព្រឹត្តិការណ៍ World Taekwondo President Cup 2018 នេះ កីឡាការិនី ថិប កាសាន់ទ្រេនីកូល ក៏នឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ World Taekwondo CHAMPIONSHIP 2019 ជាបន្តទៀតដើម្បីរកកៅអីសម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ នៅទីក្រុងតូក្យូប្រទេសជប៉ុន ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់