កីឡាករវាយសីកម្ពុជា វ៉ាត់ វណ្ណធុន ឈ្នះមេដាយមាសក្នុងការប្រកួតក្រុមចម្រុះជាតិសាសន៍នៃកីឡាអូឡាំពិកយុវជនលើកទី៣

នូ មករា October 15, 2018


ភ្នំពេញ៖ កីឡាករវាយសីកម្ពុជា វ៉ាត់ វណ្ណធុន ទទួលបានមេដាយមាសក្នុងការប្រកួតជាក្រុមចម្រុះជាតិសាសន៍នៃព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអូឡាំពិកលើកទី៣ នៅប្រទេសអាហ្សង់ទីនដែលរៀបចំឡើងដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងសហពន័្ធវាយសីអន្តរជាតិ ។

លោកឧត្តមសេនីយ៍ ជាម សុភា អគ្គលេខារងនៃសហព័ន្ធកីឡាវាយសីកម្ពុជាបានប្រាប់ឲ្យដឹងថា ស្ថិតក្នុងអត្ថន័យមិត្តភាព សាមគ្គីភាពរវាងយុវជន យុវនារីមកពីជុំវិញពិភពលោក គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងសហពន័្ធវាយសីអន្តរជាតិបានបង្កើតកម្មវិធីប្រកួតមួយដោយតម្រូវឲ្យប្រទេសជាសមាជិកចូលរួមទាំងអស់ចំនួន ៦៤ចូលរួមប្រកួតជាក្រុមចម្រុះជាតិសាសន៍ដែលបែងចែកជា៨ក្រុមក្នុងនោះកម្ពុជាមានមោទកភាពយ៉ាងក្រៃលែងដែលមានកីឡាករ វ៉ាត់ វណ្ណធុន ស្ថិតនៅក្រុមអាល់ហ្វា (Alpha) ដែលមានសមាជិក ៨នាក់ មកពី៨ ប្រទេសផ្សេងៗគ្នាគឺប្រទេសអ៊ីតាលី កម្ពុជា ប៊ុលហ្គារី ឥណ្ឌា ស្វីស កាណាដា និង សហរដ្ឋអាមេរិកស្រីលង្កា ដោយបានឈ្នះជ័យលាភីលេខ១ គឺមេដាយមាស ។
លោកបានបន្តថា សម្រាប់ក្រុមអាល់ហ្វា (Alpha) បានយកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រាត់ជាមួយក្រុម Theta រួមមានប្រទេសជប៉ុន សាធារណរដ្ឋឆែក ប្រេស៊ីល អូស្ត្រាលី អាល្លឺម៉ង់ អេហ្ស៊ីប និងបែលហ្ស៊ិក ហើយនៅវគ្គផ្តាច់ព្រាត់ជាមួយក្រុម Omega រួមមានប្រទេសវៀតណាម អ៊ុយក្រែន ចិនតៃប៉ិ បារាំង ថៃ ណូវែលសេឡង់ ន័រវែស ហ្វីជី ។ យ៉ាងណាក៏ដោយ យោងតាមគណៈកម្មាធិការជាតអូឡាំពិកកម្ពុជាបានបញ្ជាក់ថា មេដាយនេះមិនគិតជាមេដាយក្នុងតារាងផ្លូវការរបស់ការប្រកួតកីឡាអូឡាំពិកយុវជនលើកទី៣នេះទេ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់