អបអរសាទរ! កីឡាការិនីប៉េតង់កម្ពុជា ផ្តួលម្ចាស់ផ្ទះបារាំង ដណ្តើមមេដាយមាសពិភពលោកថែម ១ទៀត!

នូ មករា October 15, 2018


បារាំង៖ ក្រុមកីឡាការិនីប៉េតង់កម្ពុជារួមមានវីរៈកីឡាការិនី កែ ឡេង កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា បាននាំមកនូវមោទកភាពជាតិកម្ពុជាបន្ថែមទៀតបន្ទាប់ពីបានផ្តួលក្រុមកីឡាការិនីម្ចាស់ផ្ទះបារាំងលើវិញ្ញាសាវាយជាក្រុមនារី ៣ទល់ ៣ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក ឬ The Petanque World Championships (Le Trophée l’Equipe de Pétanque) នៅប្រទេសបារាំងកាលពីយប់ថ្ងៃទី១៤ ខែតុលា ម្សិលមិញនេះ ។

សូមបញ្ជាក់ថា នេះជាមេដាយមាសទី៣ សម្រាប់កម្ពុជានៅក្នុងព្រឹត្តិការណ៍នេះ ខណៈដែលកីឡាការិនីទាំង ៣សុទ្ធតែដណ្តើមបានមេដាយមាសទាំងអស់ជាក់ស្តែង វីរៈកីឡាការិនី កែ​ ឡេង និងវីរៈកីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសលើវិញ្ញាសាវាយជាគូនារី​២ទល់២ ចំណែកកីឡាការិនី អ៊ុន ស្រីយ៉ា ឈ្នះលើវិញ្ញាសាឯកត្តជន មុុននឹងដណ្តើមបានមេដាយមាសទី៣ នេះដោយអ្នកទាំងបីបានប្រកួតរួមគ្នាលើវិញ្ញាសា វាយជាក្រុមនារី ៣ទល់ ៣តែម្តង ។

គួរបញ្ជាក់ដែរថា នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកកម្រិតពិភពលោកនៅក្នុងប្រទេសបារាំងនេះត្រូវរៀបចំឡើងដោយមានការអញ្ជើញតែប្រទេសខ្លាំងៗប្រចាំតំបន់នីមួយៗចូលរួមប្រកួតក្នុងនោះទ្វីបអាសុីមានតែកម្ពុជា និងថៃប៉ុនណោះ ៕

អត្ថបទ៖ មករា

មតិយោបល់