ឈ្នះទៀតហើយ! កីឡាការិនី អ៊ុន ស្រីយ៉ា ដណ្តើមបានមេដាយមាសប៉េតង់ពិភពលោក ១គ្រឿងទៀត!

នូ មករា October 13, 2018


បារាំង៖ កីឡាការិនីប៉េតង់កម្ពុជា អ៊ុន ស្រីយ៉ា បាននាំមកនូវមោទកភាពជាតិបន្ថែមទៀតបន្ទាប់ពីបានឈ្នះមេដាយមាស ១គ្រឿងទៀតពីព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក  ឬ The Petanque World Championships (Le Trophée l’Equipe de Pétanque) នៅប្រទេសបារាំងកាលពីយប់ថ្ងៃទី១២ ខែតុលា ម្សិលមិញនេះ​ដែលជាមេដាយមាសទី២ សម្រាប់កម្ពុជាបន្ទាប់ពីវីរៈកីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ ទើបតែដណ្តើមបានលើវិញ្ញាសាវាយគូនារី ២ទល់ ២រួចមកនោះ ។

សូមបញ្ជាក់ថា ទម្រាំបានឈ្នះមេដាយមាសដ៏មានតម្លៃនេះ កីឡាការិនី អ៊ុន ស្រីយ៉ា បានឆ្លងកាត់ដល់ទៅ ៥ប្រកួតជាបន្តបន្ទាប់ពោលគឺប្រកួតបើកឆាកចាញ់កីឡាការិនីដាណឺម៉ាក ១៣-១, បន្ទាប់មកបានយកឈ្នះកីឡាការិនីអ៉ីតាលី ១៣-១ និងលត់ឈ្នះកីឡាការិនីទុយនេស៊ី១៣-៦ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្នុងវគ្គនេះបានយកឈ្នះកីឡាការិនីថៃដោយពិន្ទុ ១៣-៧ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្ររួចបានផ្ដួលកីឡាការិនីម្ចាស់ផ្ទះបារាំងដើម្បីគ្រងមេដាយមាសតែម្ដង ។

លោក អ៊ឹម ផាត ជាគ្រូបង្វឹកជើងចាស់នោះបានប្រាប់ឲ្យដឹងពីប្រទេសបារាំងមកថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ម៉ាស្ទ័រ ឬ Le Trophée l’Equipe de Pétanque នេះមាន ៧ប្រទេសចូលរួមដែលសុទ្ធសឹងជាប្រទេសដែលមានកីឡាករ-កីឡាការិនីម្ចាស់មេដាយមាសកម្រិតពិភពលោករួមមាន៖ អ៊ីតាលី ថៃ ខ្មែ ទុយណេស៊ី ដាណឺម៉ាក ម៉ាដាឡាស្កា ចំណែកប្រទេសបារាំងមាន ២ក្រុម ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់